ខេត្តបាត់ដំបង៖ បើតាមរបាយការណ៍របស់អធិការដ្ឋានស្រុកបវេលបានឱ្យដឹងថា កាលពីថ្ងៃពុធ១០កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ វេលា ម៉ោង០៧និង៣០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេលបានដឹកនាំកម្លាំងជំនាញរួមជាមួយកម្លាំងអន្តរាគមន៍និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលល្វាចុះបង្រ្កាបករណីលួចយកទ្រព្យសម្បត្តិមួយករណីក្នុងបទល្មេីសជាក់ស្តែង ដោយឃាត់ខ្លួនជនសង័្សយចំនួន០៥នាក់ភេទប្រុស អាយុក្រោម១៨ឆ្នាំនិងដកហូតបាន៖
-ទូរស័ព្ទចំនួន១៨គ្រឿង(VIVO ចំនួន១០គ្រឿង,ទូរស័ព្ទOPPOចំនួន៤គ្រឿង ,ទូរស័ព្ទIPHONE ចំនួន០២គ្រឿង ,ទូរស័ព្ទ REALME ចំនួន០១គ្រឿង ,CAMFONE ចំនួន០១គ្រឿង ។
– កាតទូរស័ព្ទចំនួន៤០សន្លឹក
– ស៊ីមកាតចំនួន២៦ សន្លឹក
– ស្រោមទូរស័ព្ទចំនួន១៨
– កាសទូរស័ព្ទចំនួន០៣
-កង់ចំនួន០៣គ្រឿងចាស់ជាមធ្យោបាយជិះធ្វើសកម្មភាពគាស់ហាងទូរស័ព្ទ។
សូមជម្រាបជូនថា កាលពីថ្ងៃទី០២ ខែ តុលាឆ្នាំ២០២២ វេលាម៉ោង២១និង៣០ នាទីនៅចំណុចហាងទូរស័ព្ទឈ្មោះ ប៊ុន អុីន ដែលមានម្ចាស់ជាជនរងគ្រោះឈ្មោះ ណាក់ ប៊ុនរីន ភេទប្រុស អាយុ៣៣ឆ្នាំមានទីនៅភូមិល្វា ឃុំល្វា ស្រុកបវេលខេត្តបាត់ដំបង ត្រូវជនសង័្សយមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពគាស់ដំបូលចូលលួចយកទូរស័ព្ទពីក្នុងហាងខាងលើ។
នៅក្រោយពេលកើតហេតុជនរងគ្រោះបានប្តឹងចូលមកសមត្ថកិច្ចនគរបាល ហើយឆ្លងតាមរយៈការស្រាវជ្រាវស៊ើបអង្កេតសមត្ថកិច្ចកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនបានតែម្តង។
នៅក្នុងករណីនេះជនសង្ស័យចំនួន០២ នាក់ដែលមានអាយុ១៤ឆ្នាំនិង១៥ឆ្នាំត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបវេលដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តអនុវត្តបន្តតាមនីតិវិធី។ ចំណែក០៣នាក់ទៀតដែលមានអាយុតិចជាងនេះសមត្ថកិច្ចបានអប់រំនិងធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាព ហើយប្រគល់ជូនអាណាព្យាបាលយកទៅអប់រំបន្តនៅមូលដ្ឋាន រីឯទូរស័ព្ទបានប្រគល់ជូនជនរងគ្រោះវិញ។
សូមអធ្យាស្រ័យដែលមិនបានបង្ហាញរូបជនសង័្សយដោយសារតែអាយុរបស់គេក្រោម១៨ឆ្នាំនៅឡេីយ ៕
ដោយ៖ស សារ៉េត