ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលរងខេត្តស្វាយរៀងស្នើដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ប្រចាំខេត្តស្វាយរៀងជួយបន្តផ្សព្វផ្សាយពាក់ព័ន្ធល្បែងស៊ីសងគ្រប់ប្រភេទព្រោះអាចបង្កឱ្យមានអំពើចោរកម្មប៉ះពាល់ភូមិឃុំមានសុវត្ថិភាព

ចែករំលែក៖

ខេត្តស្វាយរៀង ៖ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្តស្វាយរៀងបានស្នើដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ប្រចាំខេត្តស្វាយរៀង ជួយបន្តផ្សព្វផ្សាយពាក់ព័ន្ធនឹងល្បែងស៊ីសងគ្រប់ប្រភេទព្រោះអាចបង្កឱ្យមានអំពើចោរកម្មប៉ះពាល់ដល់ភូមិឃុំមានសុវត្ថិភាព។

      ការស្នើបែបនេះធ្វើឡើងនារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីមន្ទីរព័ត៌មានខេត្ត និងអ្នកសារព័ត៌មាន ប្រចាំខេត្តស្វាយរៀងនៅសាលប្រជុំមន្ទីរព័ត៌មានខេត្ត ។

    លោកម៉ែន អេង  បានលើកទឹកចិត្តដល់អ្នកសារព័ត៌មានត្រូវចូលរួមជាកែវភ្នែកយុត្តិធម៌តាមរយៈការផ្សព្វផ្សាយនូវ ព័ត៌មានពិតតាមទិសស្លោក “កុំបំពានសិទ្ធិអ្នកដទៃកុំបំភ្លៃការណ៍ពិត” ហើយការចូលរួមជាវិជ្ជមានរបស់យើងគ្រប់ៗគ្នា គ្រប់ដំណើរការរបស់សង្គមជាតិគឺមានតម្លៃពង្រឹងបាននូវស្មារតីភាពជាម្ចាស់ប្រទេស ដោយមិនចាំបាច់មានទស្សនៈខាងក្រៅណាផ្តួចផ្តើម វាយតម្លៃ ឬសម្រេច ជំនួសយើងនោះឡើយ  ព្រោះយើងទាំងអស់គ្នាជាផ្នែកនៃការទទួលខុសត្រូវរួមលើសមិទ្ធផលសង្គម ហើយអ្វីៗទាំងឡាយនៅក្នុងសង្គមជាតិរបស់យើង គឺជាសូចនាករឆ្លុះបញ្ចាំងពីតម្លៃរួមរបស់យើងវិញផងដែរ។

     ជាមួយគ្នានេះ លោកអភិបាលរងខេត្ត បានថ្លែងអំណរគុណនិងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីនៃមន្ទីរព័ត៌មានខេត្តស្វាយរៀងដែលបានខិតខំចុះយកព័ត៌មាន ផលិត ផ្សព្វផ្សាយព័ត៌មាន ក៏ដូចជាការផ្សាយផ្ទាល់រាល់ព្រឹត្តិការណ៍នានា ជាពិសេសទាំងមន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ប្រចាំខេត្តស្វាយរៀងបានផលិតផ្សព្វផ្សាយសកម្មភាពថ្នាក់ដឹកនាំ កិច្ចខិតខំប្រឹងប្រែង ការអភិវឌ្ឍក្នុងមូលដ្ឋានការកសាងនូវសមិទ្ធផលនានាក្នុងខេត្តស្វាយរៀង។

     ទន្នឹមនឹងនេះដែរ លោកអភិបាលរងខេត្តបានគូសបញ្ជាក់ថា យើងត្រូវចងចាំ «ពាក្យអរគុណសន្តិភាព» នៅក្នុងដួងចិត្តគ្រប់ៗគ្នា មានសន្តិភាពទើបមានការអភិវឌ្ឍរីកចម្រើន មានស្ថិរភាពក្នុងប្រទេស ប្រជាពលរដ្ឋរស់នៅដោយសុខសាន្ដ ក្នុងនោះវិស័យសារព័ត៌មានក៏មានភាពពេញលេញ អ្នកសារព័ត៌មានមានសិទ្ធិសេរីភាពពេញលេញ និងលទ្ធភាពគ្រប់គ្រាន់ក្នុងការចុះយកព័ត៌មានដើម្បីផ្សព្វផ្សាយបានយ៉ាងទូលំទូលាយជូនទស្សនិកជននិងបានជំរុញដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវផលិតព័ត៌មានដែលច្បាស់ការណ៍និងទុកចិត្តបាន ព្រមទាំងរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ។

     លោកកែវ ចាន់លី ប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀងក៏បានជំរុញដល់អ្នកសារព័ត៌មានត្រូវផ្សព្វផ្សាយព័ត៌មានដែលពិត ច្បាស់លាស់ តាមទិសស្លោក”ប្លែក លឿន ទុកចិត្តបាន នៅទីណា ពេលណាក៏បាន” ហើយជៀសវាងការផ្សព្វផ្សាយព័ត៌មានបែបញុះញង់បង្កភាពវឹកវរដល់សន្តិសុខសង្គម ជាពិសេសរាល់ការផ្សព្វផ្សាយព័ត៌មានត្រូវស្រង់ប្រភពឱ្យបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយយកជាការបាន។

    ជាមួយគ្នានេះលោកកែវ ចាន់លី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកម៉ែន អេង អភិបាលរងខេត្តស្វាយរៀង ដែលបានជួបសំណេះសំណាល លើកទឹកចិត្ត ផ្តល់តម្លៃដល់អ្នកសារព័ត៌មាន ជាពិសេសយកចិត្តទុកដាក់ និងផ្ដល់អនុសាសន៍ល្អៗផងដែរ៕

ដោយ៖ សុថាន


ចែករំលែក៖