ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ កាកបាទក្រហមកម្ពុជា បានបញ្ជាក់អោយដឹងថា, នៅក្នុងសម័យប្រជុំថ្ងៃទី១ នៃកិច្ចប្រជុំថ្នាក់ដឹកនាំសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍លើកទី១៩ ថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២២នេះ កាកបាទក្រហមកម្ពុជា ត្រូវបានជ្រើសរើសធ្វើជាប្រធានដឹកនាំកិច្ចពិភាក្សាលើរបៀបវារៈស្តីពី វឌ្ឍនភាពនៃការអនុវត្តសេចក្ដីថ្លែងការណ៍រួមទីក្រុងបាងកក ដែលជាលទ្ធផលនៃកិច្ចប្រជុំថ្នាក់ដឹកនាំសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ លើកទី១៨ ឆ្នាំ២០២១ ហើយដែល លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ធ្វើជាប្រធានដឹកនាំកិច្ចពិភាក្សានេះ។
ក្នុងឱកាសនោះ លោក Tej Bunnag អគ្គលេខាធិការសមាគមជាតិកាកបាទក្រហមថៃ បានថ្លែងអំពីវឌ្ឍនភាពនៃការអនុវត្តសេចក្ដីថ្លែងការណ៍រួមទីក្រុងបាងកក ដែលបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់សមាគមជាតិនីមួយៗក្នុងភូមិភាគអាស៊ី-អាគ្នេយ៍ ក្នុងការធ្វើប្រតិបត្តិការចម្បងចំនួន ៣ គឺ ៖ ១. ការប្រយុទ្ធទប់ស្កាត់នឹងជំងឺកូវីដ-១៩,
២. និរន្តរភាពរបស់សមាគមជាតិ,
និង ៣. ការប្រមូលផ្តុំកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្ត ក្នុងប្រតិបត្តិការមនុស្សធម៌។
ពាក់ពន្ធ័ទៅនឹងសំណួររបស់សហព័ន្ធអន្តរជាតិចំពោះសមាគមជាតិ ស្តីពីការធ្វើវិសោធនកម្មលក្ខន្តិកៈរបស់សមាគមជាតិ តាមសេចក្តីសម្រេចរបស់មហាសន្និបាតសហព័ន្ធអន្តរជាតិលើកទី២២ ឆ្នាំ២០១៩នោះ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បានថ្លែងជម្រាបជូនអង្គប្រជុំថា ក្រុមការងារបច្ចេកទេស បាននិងកំពុងផ្ទៀងផ្ទាត់មាត្រានានាដែលត្រូវធ្វើវិសោធនកម្ម ហើយនៅពេលដែលក្រុមការងារពិនិត្យផ្ទៀងផ្ទាត់ចប់ពេលណា នឹងដាក់ជូនថ្នាក់ដឹកនាំពិនិត្យសម្រេចដោយមហាសន្និបាតរបស់សមាគមជាតិក្នុងពេលខាងមុខ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រី អគ្គលេខាធិការរងទី ១ ក៏បានចែករំលែកនូវបទពិសោធន៍របស់កាកបាទក្រហមកម្ពុជា តាមរយៈការបង្ហាញនូវវីដេអូខ្លីមួយស្ដីពី «ការត្រៀមបង្ការ និងឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺផ្សេងៗទៀត» ដែលឆ្លុះបញ្ចាំងពីសមិទ្ធផលរបស់កាកបាទក្រហមកម្ពុជា ក្នុងការងារសុខភាពក្នុងគ្រាអាសន្ន ជូនដល់គណៈប្រតិភូនៃអង្គប្រជុំផងដែរ៕
ដោយ ៖ សិលា