ភ្នំពេញ៖ នាថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០២២នេះ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា តំណាងលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ពីសម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះចៅអធិការវត្តលង្កាព្រះកុសុមារាម ។
នាឱកាសនោះ សម្តេចព្រះធម្មលិខិតបណ្ឌិត បានមានព្រះថេរដីកាកោតសរសើរ គាំទ្រ និងមានទឹកព្រះទ័យសោមនស្សរីករាយ ក្នុងការចូលរួមចំណែកលើកកម្ពស់កម្លាំងមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ។
កក្នុងនាមលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា លោក ជិន ប៊ុនធឿន មានប្រសាសន៍ពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសូមថ្លែងអំណរព្រះគុណ អំណរគុណយ៉ាងជ្រាលជ្រៅប្រគេន និងជូនចំពោះសម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្តទាំងអស់ ដែលជារៀងរាល់ឆ្នាំតែងតែបរិច្ចាគទេយ្យទានជូនដល់សាខារាជធានីភ្នំពេញ ដើម្បីសាខាកាន់តែមានលទ្ធភាពបន្ថែមទៀត ក្នុងការជួយសំរាលដល់ការលំបាករបស់ជនរងគ្រោះ និងងាយរងគ្រោះ នៅក្នុងរាជធានីភ្នំពេញរបស់យើង ហេីយសកម្មភាពនេះបានបង្ហាញពីវប្បធម៌ចែករំលែកដ៏ល្អក្នុងការជួយគ្នាទៅវិញទៅមក និងបានបង្ហាញពីការផ្សាភ្ជាប់គ្នាយ៉ាងស្អិតរមួតរវាងវិស័យពុទ្ធចក្រ និងអាណាចក្រ ដែលមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ ។ ចុងបញ្ចប់ លោកនាយកប្រតិបត្តិសាខា បានសន្យា នឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះជួយឱ្យចំគោលដៅដល់ដៃជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ តាមការចង្អុលបង្ហាញជាប្រចាំពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនា ។
ទេយ្យទានដែលសាខាបានទទួលពីវត្តលង្កាព្រះកុសុមារាម រួមមាន៖ អង្ករ២តោន ទឹកដោះគោ៨កេសធំ ទឹកក្រូច៤០កេស ទឹកសុទ្ធ៤០កេស ស្ករស៨កេសធំ តែ១៥កេសធំ មីម៉ាម៉ា៣០កេសធំ សម្ភារៈផ្ទះបាយ៥៦សម្រាប់ និងថវិកាចំនួន៨លានរៀល ដែលគិតសរុបជាទឹកប្រាក់ទាំងអស់ស្មេីនឹងចំនួន៥១.៥០៦.០០០រៀល ៕
ដោយ ៖ សហការី