ព័ត៌មានទាន់ហេតុការណ៍៖

លោក ដួង តារា ៖ អំពើល្អផ្តល់ក្តីស្រឡាញ់និងជំនឿជឿជាក់ដល់សកម្មជននយោបាយបក្សប្រឆាំង!

ចែករំលែក៖

ភ្នំពេញ : លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ បានថ្លែងថា, ដោយសារបងប្អូនបានឃើញខ្ញុំគោរពស្រឡាញ់រាប់អានពលរដ្ឋដោយគ្មានការរើសអើងអស់ពីបេះដូង ទើបកន្លងទៅមានបងប្អូនដែលជាអតីតសកម្មជននយោបាយមកពីគណបក្សប្រឆាំងមានអតីតក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាខេត្តមួយចំនួនបានសម្រេចចិត្តវិលត្រឡប់មករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជន ក្រោមម្លប់ដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ។

លោក ដួង តារា បានបន្តថា, ថ្ងៃនេះ យើងរីករាយស្វាគមន៍ លោក យ៉ង យ៉ាន អតីតប្រធានគណបក្សស្រុកនៃគណបក្សខ្មែរស្រឡាញ់ជាតិ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានសម្រេចចិត្តវិលមករួមរស់ជាមួយមហាក្រុមគ្រួសារនៃគណបក្សប្រជាជន។ ខ្ញុំសូមអញ្ជើញបងប្អូនសកម្មជនជាច្រើនទៀត ចូលរួមជាមួយគណបក្សប្រជាជនដែលមានសម្តេចតេជោជាប្រមុខដឹកនាំ។ 

លោកបន្តថា, ពិតណាស់ គឺមានតែគណបក្សប្រជាជន ដែលមាន សម្តេចតេជោ ជាប្រមុខដឹកនាំ ដែលនឹងបន្តទទួលជ័យជំនះក្នុងការដឹកនាំកសាងប្រទេសជាតិយើងអោយកាន់តែសំបូរសប្បាយរុងរឿង! ៕

ដោយ ៖ សិលា


ចែករំលែក៖