ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា ភ្លៀងនឹងបន្តធ្លាក់លើផ្ទៃប្រទេស​ ចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៌មានពី​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​០៨​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​៖​ យោងតាមស្ថានភាពអាកាសធាតុដែលបាននឹងកំពុងវិវត្តជាក់ស្តែង នឹងបន្តវិវត្តជាបន្តបន្ទាប់ បានបង្ហាញឲ្យឃើញថា ព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងតំបន់ប្រសព្វរវាងទ្រនុងសម្ពាធខ្ពស់ ពីចិន និងជ្រលងសម្ពាធទាប ដែលរុញច្រានពីភាគខាងក្រោមនៃសមុទ្រចិនខាងត្បូង ។ ជាមួយគ្នានោះនៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ ក៏នឹងអាចកើតមានសម្ពាធទាបសកម្ម (Active Low) មួយ ដើរចូលមកលើភាគអាគ្នេយ៍នៃប្រទេសវៀតណាម ។ 

លក្ខណៈបែបនេះ នឹងធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២២ ភ្លៀងនឹងនៅតែបន្តធ្លាក់លើផ្ទៃប្រទេស ។ ក្នុងនោះបណ្តាខេត្តនៃតំបន់ខ្ពង់រាបភាគឦសាន និងពាយព្យជាប់ជួរភ្នំដងរែក នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម ។ សម្រាប់រាជធានីភ្នំពេញ និងបណ្តាខេត្តដទៃទៀតនៅភាគខាងក្រោម នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ នៅលើផ្ទៃសមុទ្រ ក្នុងចន្លោះពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២២ នឹងអាចមានសភាពអាប់អួរ ដោយមានភ្លៀងលាយឡំនឹងខ្យល់បក់បោក និងកំសួលរលកសមុទ្របង្គួរ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ទទួលជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់៕

ដោយ​៖ស​ តារា​


ចែករំលែក៖