ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវបែកជាបួនបណ្តាលឱ្យក្រឡាប់ផ្ងារជើងរបួសធ្ងន់បុរសម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តយ៉ាងលឿន ដល់ផ្លូវបំបែកជាបួនមិនប្រយ័ត្នជ្រុលទៅបុករថយន្តមួយគ្រឿងទៀត បើកបត់ឆ្លងផ្លូវពេញទំហឹង ប៉ើងក្រឡាប់ផ្ងារជើង បណ្តាលឲ្យបុរសម្នាក់ជាម្ចាស់រថយន្តក្រឡាប់រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅម៉ោង ១០យប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ អូស៊ី អាយស៊ី ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយនារីម្នាក់ទៀត បានបើករថយន្តម៉ាកម៊ីតស៊ុយប៊ីសុី ពាក់ស្លាកលេខ ភ្នំពេញ2AH-0678 បើកបរតាមបណ្តោយផ្លូវ អូស៊ី អាយស៊ី ក្នុងទិសដៅពីជើងមកត្បូងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ដែលជាផ្លូវបែកជាបួនបានបត់ឆ្វេងឆ្លងផ្លូវ ខណៈពេលបត់ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តម៉ាកLexus RX450h ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-6366 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវអូស៊ីអាយស៊ី ក្នុងទិសដៅបញ្រ្ចាសគ្នា ពីត្បូងមកជើងក្នុងល្បឿនលឿនដូចគ្នា បានជ្រុលទៅបុករថយន្តម៊ីតស៊ុយប៊ីសុី ប៉ើងក្រឡាប់ផ្ងារជើង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបានដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្ត Lexus RX450h រងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។

បន្ទាប់ពីកើតហេតុ ដោយភាគីទាំងពីរសម្រួលគ្នាមិនត្រូវ ក៏សមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖