ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សប្រជាជនកម្ពុជាស្រុកពារាំង ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងដាក់ចេញទិសដៅអនុវត្តបន្តខែតុលា ឆ្នាំ២០២២

ចែករំលែក៖

ខេត្តព្រៃវែង ៖ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកពារាំង នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ​មានប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងដាក់ចេញទិសដៅអនុវត្តបន្តខែតុលា ឆ្នាំ២០២២ ស្ថិតក្រោមអធិបតីភាព លោក វង្ស ពិសេន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពារាំង។ 

ក្នុងរបាយការណ៍បូកសរុប លោក ឈុន សារ៉ាត ប្រធានគណបក្សស្រុកពារាំង បានលើកឡើងពីសភាពការណ៍ទូទៅនៅមូលដ្ឋាន សកម្មភាពរបស់ក្រុមការងារគណបក្សគ្រប់ថ្នាក់ ក្នុងកិច្ចខិតខំសហការបម្រើប្រជាពលរដ្ឋ រួមនឹងការពង្រឹងពង្រីកសមាជិកគណបក្ស ដើម្បីឈានទៅដណ្តើមជ័យជម្នះការបោះឆ្នោតនាពេលខាងមុខ។

លោក វង្ស ពិសេន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរបាយការណ៍របស់គណបក្សស្រុក ដែលបានរំលេចគ្រប់សកម្មភាព ទាំងសកម្មភាពនយោបាយ និងសកម្មភាពរបស់ក្រុមការងារគណបក្សនៅមូលដ្ឋាន ដែលបានអនុវត្តដោយស្មារតីទទួលខុសត្រូវ តាមគោលការណ៍ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

តែទោះយ៉ាងដូច្នេះក្តី លោក វង្ស ពិសេន ​នៅបានផ្តាំផ្ញើដល់មន្រ្តីគណបក្សគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ពង្រឹងកម្លាំងគណបក្ស បន្តក្តាប់ជាប់ពីសតិអារម្មណ៍ ការថ្នាំងថ្នាក់ ការលំបាក និងសំណូមពរនានារបស់សមាជិកបក្ស ដើម្បីមានវិធានការដោះស្រាយតាមសភាពជាក់ស្តែង៕

ដោយ ៖ សិលា


ចែករំលែក៖