លោក Kyrylo Tymoshenko ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន នៅថ្ងៃទី៧ខែតុលាបានប្រកាសថា កម្លាំងទាហានប្រទេសនេះដណ្តើមបានសិទ្ធិគ្រប់គ្រងទឹកដីចំនួន២.៤០០គីឡូម៉ែត្រក្រឡានៅភាគខាងត្បូងចាប់តាំងពីផ្ទុះសង្គ្រាមមក ។
តាមសារព័ត៌មាន CNN បានផ្សាយថា ទាហានអ៊ុយក្រែនដណ្តើមបានសិទ្ធិគ្រប់គ្រងតំបន់ប្រជុំជនចំនួន៦ នៅ Kherson រួមជាមួយតំបន់ប្រជុំជនចំនួន៦១កន្លែងទៀតនៅក្នុងស្រុក Beryslav ។
ក្នុងពេលនេះដែរ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសថា លោកនឹងបង្កើនការផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែនក្នុងគ្រាដែលមានការរិះគន់ថា ទីក្រុងប៉ារីសមិនបានប្រឹងប្រែងគ្រប់គ្រាន់ក្នុងការជួយទីក្រុងកៀវទប់ទល់សង្រ្គាមឈ្លានពានរបស់រុស្ស៉ី ដែលបានចាប់ផ្តើមកាលពី៨ខែមុន។
ការប្តេជ្ញាខាងលើត្រូវបានធ្វើឡើងក្នុងសប្តាហ៍នេះ នៅទីក្រុងប្រាកនៃប្រទេសឆេក ស្របពេលដែលលោក ម៉ាក្រុងចូលរួមកិច្ចប្រជុំកំពូលដែលមានវត្តមានមេដឹកនាំប្រទេសសរុបចំនួន៤៤ ខណៈវាគឺជាកិច្ចប្រជុំកំពូលលើកដំបូងបង្អស់នៃសហគមន៍នយោបាយអឺរ៉ុបដែលលោកប្រធានាធិបតីបារាំងផ្ទាល់ បានផ្តួចផ្តើមឡើងកាលពីខែឧសភា ឆ្នាំ២០២២នេះ។ ក្រុមមេដឹកនាំដែលបានចូលរួមកិច្ចប្រជុំកំពូលនោះ បានពិភាក្សាគ្នាអំពីមធ្យោបាយឆ្ពោះទៅមុខដើម្បីផ្តល់ការគាំទ្រដល់ទីក្រុងកៀវ ក្នុងគោលជំហររួបរួមគ្នាមួយ។
ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ក្រុមអ្នកការទូតជាច្រើនបាននាំគ្នារិះគន់លើលោក ម៉ាក្រុង សម្រាប់អ្វីដែលពួកគេហៅថាភាពខ្វះខាតនៃជំនួយយោធាពីសំណាក់ប្រទេសបារាំងសម្រាប់អ៊ុយក្រែនចំពោះមុខសង្រ្គាមជាមួយរុស្ស៉ី។ ទិន្នន័យសាធារណៈបានបង្ហាញឱ្យឃើញថា មកទល់ពេលនេះ ទីក្រុងប៉ារីសបានចូលរួមចំណែកត្រឹមតែ២ភាគរយប៉ុណ្ណោះ នៃជំនួយយោធាដែលត្រូវបានផ្តល់ឱ្យទីក្រុងកៀវ។ ចំណែកសហរដ្ឋអាមេរិកវិញបានចូលរួមចំណែកដល់ទៅ ៤៩ភាគរយ, ប៉ូឡូញចូលរួម២២ភាគរយ និងអាល្លឺម៉ង់ចូលរួម៩ភាគរយ៕ ដោយ៖ ធីរីណា
រូបថត ៖ Vietnamnet