ភ្នំពេញ ៖ ចុងសប្តាហ៍ នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានសរុបព័ត៌មាន នៃជំនួបជាមួយថ្នាក់ដឹកនាំ លក្ខណៈសហប្រតិបត្តិការអន្តរជាតិ ក្នុងនោះលើកឡើងថា,
-នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ លោកមបណ្ឌិត រដ្ឋលេខាធិការ ចែម វីឌ្យ៉ា តំណាងដ៏ខ្ពង់ខ្ពស់ជូន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមក្នុង ពិធីសម្ភោធជាផ្លូវការនូវ ស្ថានកុងស៊ុលកិត្តិយសនៃសាធារណរដ្ឋប៉ូឡូញនៅភ្នំពេញ ដែលមាន លោក Waldemar Dubaniowski ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប៉ូឡូញប្រចាំព្រះរាជាណាចក្រកម្ពុជាជាម្ចាស់ផ្ទះ នៅសណ្ឋាគារ Rosewood ភ្នំពេញ។ សង្គថាបើកមានភ្ជាប់ជាមួយ។
-នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ លោក សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីស្ដីទីកម្ពុជាទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គ បានទទួលជួប លោក HAYASHI Makoto អគ្គនាយករង/ឧបការីរងរដ្ឋមន្រ្តី និងជាឧត្តមមន្ត្រីជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន។ ឆ្លៀតក្នុងឱកាសនោះ លោក សុខ សូកេន បានអបអរសាទរ ឯកឧត្តម HAYASHI Makoto ដែលត្រូវបានតែងតាំងជាឧត្តមមន្ត្រីថ្មីរបស់ជប៉ុន និងបានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅពីកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ជាពិសេសក្រោមក្របខណ្ឌមេគង្គ-ជប៉ុន។
-នាថ្ងៃត្រង់ទី៦ ខែតុលា ឆ្នាំ២០២២ លោក សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីស្ដីទីកម្ពុជាទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គ បានទទួលជួបលោកស្រី CHUNG Eui-hae អគ្គនាយកកិច្ចការអាស៊ាន និងអាស៊ីអាគ្នេយ៍ និងជាឧត្តមមន្ត្រីទទួលបន្ទុកមេគង្គរបស់សាធារណរដ្ឋកូរ៉េ។ ឧត្តមមន្រ្តីទាំងពីរ បានពិនិត្យលើវឌ្ឍនភាពនៃកិច្ចប្រជុំខែសីហាកន្លងមកនេះ និងពិភាក្សាទិសដៅបន្តសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉េ។
-នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ បានទទួលជួបលោកស្រី មីស្ហែល ចាន់ អនុរដ្ឋមន្រ្ដីទទួលបន្ទុកក្រុមដៃគូអាស៊ីអាគ្នេយ៍ និងជាឧត្ដមមន្ដ្រីអាស៊ានអូស្រ្ដាលី ដើម្បីពិភាក្សា និងផ្លាស់ប្ដូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្ដរជាតិ។
-នៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ លោក សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីស្ដីទីកម្ពុជាទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គ បានទទួលជួបពិភាក្សាជាមួយ លោកស្រីបណ្ឌិត Jung H. Pak ឧបការីរងរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក និងជាឧត្តមមន្រ្តីទទួលបន្ទុកកិច្ចការពហុភាគី នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីពិភាក្សាលើវឌ្ឍនភាពការងារ និងទិសដៅបន្តសម្រាប់កិច្ចសហប្រតិបត្តិការនៃភាពជាដៃគូមេគង្គ-អាមេរិក ៕
ដោយ ៖ សុខ ខេមរា