ខេត្តកោះកុង ៖ នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ ២០២២ ពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញព្រំដែន នៅទីបញ្ជាការវរសេនាតូចលេខ៣ ចំណុះតំបន់ប្រតិបត្តិការសឹករងកោះកុង ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង របាយការណ៍បើកវគ្គហ្វឹកហ្វឺនបានបញ្ជាក់ឲ្យដឹងថា៖ វគ្គបំប៉នជំនាញព្រំដែនមានសិក្ខាកាម ចំនួន ៨០នាក់ គ្រូយោធាចារ្យ និងបំរើការចំនួន ០៨នាក់ សរុប ៨៨នាក់ យោធិននារី ០៤នាក់) រយៈពេល៣ខែ វគ្គហ្វឹកហ្វឺន ដែលដំណើរការនៅពេលនេះមាន លំហាត់របៀប អប់រំចិត្តសាស្រ្ត យុទ្ធវិធីជំនាញព្រំដែន បច្ចេកទេសជំនាញ ឋានលេខា ០៤ថ្ងៃស្មើនិង៧ និងហ្វឹកហ្វឺនបញ្ចប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង បានមានប្រសាសន៍ថា ការហ្វឹកហ្វឺនកងទ័ព ជាវិស័យអាទិភាពមួយ នៃការកែទម្រង់ របស់កងយោធពលខេមរភូមិន្ទ សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាព ដេីម្បីការពារបូរណភាពទឹកដី ការពារសន្តិភាព ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ក៏ដូចជាការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។ បច្ចុប្បន្នការងារហ្វឹកហ្វឺនបានដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់ ក្នុងការពង្រឹងខឿនការពារជាតិ តាមរយៈការផ្ដល់នូវចំណេះដឹង និងចំណេះធ្វើ ពិតប្រាកដឱ្យដល់កងទ័ព ជាពិសេសយោធិនដែលមានវ័យក្មេង ដែលជាប្រភពបន្តវេនជំនាន់ក្រោយ។
លោកបញ្ជាការ បានផ្ដាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហាន តំបនប្រតិបត្តិការសឹករងកោះកុង ទាំងអស់ត្រូវរក្សាភាពស្មោះត្រង់ដាច់ខាតជាមួយជាតិ សាសនា ព្រះមហាក្សត្រ គោរពអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវរដ្ឋធម្មនុញ្ញ ច្បាប់លក្ខន្តិកៈយោធា ច្បាប់រដ្ឋផ្សេងៗ និងបទបញ្ជារបស់រាជរដ្ឋាភិបាល អគ្គមេបញ្ជាការ មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ និងតំបន់ប្រតិបត្តិការសឹក ដែលបានដាក់ចុះ។ ជាមួយគ្នាផងដែរត្រូវចូលរួមអនុវត្ត ៣កុំ ៣ ការពារ និងចៀសអោយឆ្ងាយពីគ្រឿងស្រវឹង និងគ្រឿងញៀន។
លោកមេបញ្ជាការបានប្រគល់នូវថវិកាវគ្គហ្វឹកហ្វឺនចំនួន ១០លានរៀល ក្រុមគ្រូយោធាចារ្យ មួយលានរៀល ជូនផ្ទះបាយវរសេនាតូចលេខ៣ មួយលានរៀន ព្រមទាំងសម្ភារ គ្រឿងឧបភោគបរិភោគជាច្រើនទៀត ៕
ដោយ ៖ សហការី