ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ អាយុពិតប្រាកដរបស់ម្នាក់ៗគឺអាស្រ័យចិត្តអារម្មណ៍

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ លោក ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះនូវការរក្សាសុខភាព ដែលលើ facebook លោករដ្ឋមន្ត្រីបានដកស្រង់ពី ទស្សនាវដ្តី Reader’s Digest ខែកញ្ញា ២០២២ ។ 

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្តើមសំណេរដ៏ខ្លីថា, ថ្ងៃសៅរ៍នេះសូមនិយាយពីរឿងសុខភាពម្តង !

លោក ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកថា, – អាយុពិតប្រាកដរបស់ម្នាក់ៗគឺអាស្រ័យចិត្តអារម្មណ៍ ។  ការស្រាវជ្រាវបានបង្ហាញអោយឃើញថា អារម្មណ៍សុទិដ្ឋិនិយមដែលបុគ្គលម្នាក់ៗមានទៅលើខ្លួនឯងពេលចូលវ័យចាស់ អាចនាំអោយបុគ្គលនោះនៅតែមានសុខភាពល្អដដែល ។  អ្នកដែលមានអារម្មណ៍ទុទិដ្ឋិនិយមលើខ្លួនឯង រមែងបង្ហាញភាពឆាប់ហត់នឿយ មានការឈឺចាប់ច្រើន ឆាប់ដង្ហក់ និង ឈឺក្រពះ ច្រើនជាងអ្នកសុទិដ្ឋិនិយម ។ ការស្រាវជ្រាវនៅឆ្នាំ ២០២២ បង្ហាញអោយឃើញថា អ្នកសុទិដ្ឋិនិយម អ្នកសកម្មក្នុងជីវិត និង ធ្វើពលកម្មច្រើន ធ្វើអោយមនុស្សមានអាយុវែងជាងមនុស្សធម្មតា ។

– ថ្លែបឺរ ( Avocado ) ជាផ្លែដែលមានជាតិខ្លាញ់វិជ្ជមានដែលធ្វើអោយអត្រាកូលេស្ទេរ៉ុល នៅក្នុងឈាមយើងមានស្ថិរភាពល្អ ហើយសារធាតុសរសៃរបស់វាជួយអោយយើងមានអារម្មណ៍ឆ្អែតបានយូរ នេះបើតាមការអោយដឹងរបស់ទស្សនាវដ្តី British Journal of Nutrition ។ អ្នកទទួលទានផ្លែបឺរជាប្រចាំ ជាទូទៅអាចរក្សារាងបានល្អ ហើយ មិនឡើងទម្ងន់ មានសម្ពាធឈាមល្អ និង មានហានិភ័យទឹកនោមផ្អែមតិចបំផុត ។ បន្ថែមលើនេះ ផ្លែបឺរ សម្បូរដោយវីតាមីន C និង E ដែលជួយថែរក្សាស្បែក និង រក្សាភាពសុំារបស់សរីរាង្គកាយយើងថែមទៀត ។

  ការហាត់ប្រាណ និង ការរក្សាគំហើញល្អ ជួយអោយខួរក្បាលចៀសផុតពី វិបល្លាស ។  តាមទស្សនាវដ្តី Alzheimer’s and Dementia ការរក្សារាងកាយអោយនៅតែសកម្ម ទោះជាដើរ រត់ ធ្វើការផ្ទះ ធ្វើសួនច្បារ  នឹងជួយអោយអត្រាប្រូតេអុីនខួរក្បាលមានកម្រិតខ្ពស់សំរាប់ជួយអោយកោសិកាខួរក្បាលបញ្ជូនសញ្ញាគ្នាបានរហ័ស បន្ថយយ៉ាងច្រើនសារធាតុដែលជាមូលហេតុនាំដល់រោគ Alzheimer’s ។ ការកឃើញនេះ អាស្រ័យការពិនិត្យទៅខួរក្បាលសាកសពមនុស្សអាយុពី ៦០ ទៅ ១០១ ឆ្នាំ ដែលបានស្ម័គ្រចិត្តផ្តល់ខួរក្បាលទៅអោយអ្នកស្រាវជ្រាវក្រោយពីបានធ្វើមរណកាលទៅ ។

មួយវិញទៀត ការផ្សាយរបស់ទស្សនាវដ្តី JAMA Internal Medecine បានអោយដឹងថា មនុស្សវ័យចាស់ដែលបានវះកាត់ភ្នែកឡើងបាយ (Cataract) បានបន្ថយដល់ទៅ ៣០ % នូវហានិភ័យវិបល្លាសខួរក្បាលបាន ។  គេគិតថានេះ ប្រហែលមកពីគំហើញល្អ ជួយមនុស្សមិនអោយនៅដាច់ចេញពីសង្គម និង ជួយជំរុញសកម្មភាពសង្គមបានច្រើនដែលជាចលករដ៏សំខាន់សម្រាប់សុខភាពខួរក្បាល 

ដោយ : សិលា


ចែករំលែក៖