ខេត្តបន្ទាយមានជ័យ ៖ សមាជិកសភាវ័យក្មេង លោក ហ៊ុន ម៉ានី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ បាននាំយកអាវរងា ប្រគល់ជូនដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៅទិសយោធភូមិភាគទី៥ គោលដៅទី១ ខេត្តបន្ទាយមានជ័យ ដែលកំពុងឈរជើងតាមព្រំដែននៅទីបញ្ជាការកងពលតូចថ្មេីរជេីងលេខ៥១ ស្ថិតនៅឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
នាឱកាសនោះលោក ហ៊ុន ម៉ានី បានលេីកឡេីងថា “កងទ័ព គឺជារនាំងដ៏រឹងមាំ នៃការការពារមាតុភូមិ ជាខឿនដែលមិនអាចខ្វះបាន នៃការថែរក្សាសុខសន្តិភាព” កងទ័ពបានលះបង់គ្រប់បែបយ៉ាងដេីម្បីបុព្វហេតុប្រទេសជាតិមាតុភូមិ បេីទោះបីកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញយ៉ាងក៏ដោយ កងទ័ពនៅតែជាកម្លាំងដែលមានអាចខ្វះបាន។
ជាមួយគ្នានោះលោក ក៏បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់មុខសញ្ញា ដែលបានលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ចប្រកបដោយភាពអង់អាចក្លាហាន គ្រប់កាលៈទេសៈ ជាពិសេស ទោះក្នុងសុខសន្តិភាព កងកម្លាំងទាំងអស់តែងតែងបានចុះជួយសង្រ្កោះប្រជាពលរដ្ឋ ជួបគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ជាក់ស្តែកក្នុងគ្រាដែលខេត្តបន្ទាយមានជ័យកំពុងជួយគ្រោះទឹកជំនន់។ ក្នុងនោះនៅដំណាក់នៃការរីករាលដាលជំងឺកូវីដ-១៩ កងកម្លាំងប្រដាប់អាវុធបានក្លាយជាកម្លាំងស្នូលមួយយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងបានយ៉ាងជោគជ័យ ទៅនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលស្តែងចេញពីការគោរព និងទទួលបញ្ជាយ៉ាងដាច់ណាត់របស់ប្រមុខរាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងសភាពការណ៍។
លោក ហ៊ុន ម៉ានី ក៏បានថ្លែងថា, ៖ សម្ដេចតេជោ ហ៊ុនសែន បញ្ជូនកូនៗឲ្យសួរសុខទុក្ខកងទ័ពដោយផ្ទាល់ ជាការបណ្ដុះស្មារតីឲ្យកូនៗ គោរព និងស្រលាញ់កងទ័ព ហើយផ្សាភ្ជាប់ខ្លួនជាមួយការងារ។
ថ្លែងក្នុងឱកាសអញ្ជើញប្រគល់អំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដល់កងទ័ព នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ានី បានលើកឡើងថា «ការបញ្ជូនកូនៗឲ្យមកសួរសុខទុក្ខកងទ័ពដោយផ្ទាល់នេះ គឺជាការបណ្តុះស្មារតីឲ្យកូនៗគោរព និងស្រលាញ់កងទ័ព និងផ្សាភ្ជាប់ខ្លួនទៅនឹងការងារ» ៕
ដោយ : សិលា