ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ និងអង្គការទស្សនៈពិភពលោក​ បានបង្ហាញនូវគំរូជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងនាពេលនេះ និងពេលកន្លងមក

ចែករំលែក៖

ខេត្ត​កំពង់​ធំ​៖​ លោកទេសរដ្ឋមន្ត្រី គន់ គីម នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២នេះ បានបន្តចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង នៅភូមិសាស្ត្រឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលសហគមន៍ទាំងនេះ នៅបន្តរងការជន់លិចដែលបណ្តាលពីទឹកភ្លៀង បង្កដោយព្យុះណូរុ និងភ្លៀងជាបន្តបន្ទាប់នាប៉ុន្មានថ្ងៃមកនេះ។ 

ក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានចូលរួមជាអធិបតីភាពក្នុងពិធីចែកជំនួយមនុស្សធម៌ឧបត្ថម្ភដោយអង្គការទស្សនៈពិភពលោកដែលធ្វើនៅ វត្តតាប៉ោង ភូមិតាប៉ោង ឃុំកំពង់ស្វាយចំនួន ១៤៥គ្រួសារដែលមួយគ្រួសារទទួលបាន៖  អង្ក ២៥គ.ក ប្រេងឆា២ដប ត្រីខ១យួរ មី១កេសតូច ទឹកត្រី១ យួរទឹកស៊ីអីវ១យួរ អំបិល២គីឡូក្រាម សាប៊ូ ៤ដុំ និងសាប៊ូម្សៅវីសូ ១គ.ក។ 

សូមបញ្ចាក់ថា ក្នុងការឆ្លើយតប នឹងទឹកជំនន់ទឹក ភ្លៀងក្នុងឆ្នាំ២០២២នេះ ជាសរុបរហូតមកដល់ពេលនេះអង្គការទស្សនៈពិភពលោកបានផ្តល់ជំនួយមនុស្សធម៌សរុបបាន ៦១៥គ្រួសារ ក្នុងខេត្តបាត់ដំបង ,បន្ទាយមានជ័យ ,សៀមរាប ,ព្រះវិហា​ និងខេត្តកំពង់ធំ។​ លោកទេសរដ្ឋមន្ត្រីបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរបស់អង្គការទស្សនៈពិភពលោក កន្លងមក និងក្នុងពេលនេះបានយកចិត្តទុកដាក់ខ្ពស់សហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិង អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ជួយដល់ប្រជាពលរដ្ឋនិងកុមារងាយរងគ្រោះបំផុត រាល់ពេលមានគ្រោះ មហន្តរាយព្រមទាំងការងារកាត់បន្ថយ ហានិភ័យជាមុនផងដែរ។ 

ផ្អែកតាមគំរូភាពដ៏ល្អរបស់អង្គការទស្សនៈ ពិភពលោកនាពេលនេះ លោកទេសរដ្ឋមន្ត្រី​ ក៏បានអំពាវនាវដល់បណ្តាដៃគូអភិវឌ្ឍ ផ្សេងៗទៀតសូមចូលរួមជាមួយ រាជរដ្ឋាភិបាលដើម្បីឆ្លើយ តបនឹងតម្រូវការប្រជាពលរដ្ឋរង គ្រោះនៅខេត្តផ្សេងៗទៀតដូចជា៖ ខេត្ត​បន្ទាយមានជ័យ ខេត្ត​សៀមរាប និងខេត្ត​បាត់ដំបងជាដើម បើទោះជាគ្រោះទឹកជំនន់នាពេលនេះមិន ដល់កម្រិតប្រកាសរកជំនួយកម្រិតអន្ត រជាតិក៏ដោយ។

លោកទេសរដ្ឋមន្ត្រី​ បានបញ្ជាក់បន្ថែមថា ការងារអាទិភាពក្នុងដើម្បីគ្រប់គ្រងស្ថានភាពទឹកជំនន់នាពេលនេះ គឺមានបួនចំណុចធំៗ​ដូចខាងក្រោម​៖

១-បន្តការត្រៀមជម្លៀសនិសង្គ្រោះគ្រួសារដែលនៅដាច់ស្រយ៉ាលទៅទីកន្លែងមានសុវត្ថិភាពសម្រាប់តំបន់ដែល នឹងមាន ភ្លៀងធ្លាក់ថែមទៀត ព្រោះសម្រាប់រដ្ឋាភិបាលសម្តេចតេជោ អាយុជីវិតប្រជាពលរដ្ឋ គឺជាកត្តាអាទិភាពទីមួយ។ 

២-បន្តឧបត្ថម្ភគាំទ្រស្បៀងអាហារ និងជំនួយនានាសម្រាប់បំពេញតម្រូវការមនុស្សធម៌ជាមូលដ្ឋាន ដល់គ្រួសារងាយរងគ្រោះបំផុត ដែលបានជម្លៀស ឬស្នាក់នៅតាមផ្ទះអ្នកជិតខាង ហើយសូមកត់សម្គាល់ថាជំនួយនេះជាជំនួយសម្រាប់សម្រួលទុក្ខលំបាកក្នុងពេលទឹកជំនន់ដែលប្រជាពលរដ្ឋមិនអាចរកចំណូលបាន។

៣-បន្តតាមដាននិងវាយតម្លៃការខូចខាតស្រូវ និងផលដំណាំ នានា ព្រោះទឹកលិចជាង១០ថ្ងៃមកហើយ និងស្រកទៅវិញសន្សឹមៗប៉ុណ្ណោះ ដែលលក្ខខណ្ឌនេះមិនអាចឱ្យការវាយតម្លៃការខូចខាតឱ្យបានច្បាស់ទាំងស្រុងនៅពេលនេះ។

៤-បន្តសិក្សាវាយតម្លៃការខូចខាត ផ្លូវលំជនបទនានា និងហេដ្ឋារចនាសម្ព័ន្ធដែលជាមូលដ្ឋានគ្រឹះដើម្បីត្រៀមស្តារ និងជួសជុសជាបន្ទាន់ បន្ទាប់ពីទឹកស្រកដើម្បីសម្រួលដល់ការប្រកបរបរចិញ្ចឹមជីវិតនិងការស្តារជីវភាពឡើងវិញរបស់បងប្អូនក្នុងសហគមន៍ឡើងវិញ។

សូមបញ្ជាក់បន្ថែមថា គិតត្រឹមថ្ងៃទី០៨ ខែតុលានេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានផ្តល់ជំនួយដល់ ប្រជាពលរដ្ឋរងគ្រោះសរុបបានចំនួន ១៩៣៧ គ្រួសារ ដែលជាគ្រួសាររងគ្រោះបំផុត។ លោកទេសរដ្ឋមន្រ្តីក៏បានណែនាំ ដល់អាជ្ញាធរមូលដ្ឋានថាការចែកជំនួយទាំងនេះចាំបាច់ត្រូវចែកតាមក្រុមតូចៗ តាមមូលដ្ឋាន និមួយៗសំដោះបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋមកទទួល និងកាត់បន្ថយហានិភ័យនានាពេលមកទទួលជំនួយ នៅពេលកំពុងមាន ទឹកលិចបែបនេះ៕

ដោយ​៖ ស​ តារា​

 


ចែករំលែក៖