ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន បានផ្ញើសាររំលែកមរណទុក្ខ ជូនលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ពាក់ព័ន្ធនឹងហេតុការណ៍បាញ់ប្រហារ នៅក្នុងប្រទេសថៃ បណ្តាលឲ្យមានមនុស្សស្លាប់ជាច្រើននាក់

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ បានផ្ញើសាររំលែកមរណទុក្ខ ជូនលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ  ពាក់ព័ន្ធនឹងហេតុការណ៍បាញ់ប្រហារ នៅក្នុងប្រទេសថៃ បណ្តាលឲ្យមានមនុស្សស្លាប់ជាច្រើននាក់ ។

ក្នុងសាររំលែកទុក្ខ សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់ថា, ខ្ញុំមានសេចក្តីតក់ស្លុត និងក្រៀមក្រំយ៉ាងខ្លាំង ដោយបានទទួលព័ត៌មានអំពីការបាញ់រះសម្លាប់ រង្គាលនៅមជ្ឈមណ្ឌលថែទាំកុមារ ក្នុងខេត្តណងប៊ូឡាំភូ ភាគឦសាន នៃប្រទេសថៃ កាលពីថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២២ ដែលបានឆក់យកជីវិតមនុស្សជាច្រើន ដែលភាគច្រើនជាកុមារ និងមាន អ្នករងរបួសមួយចំនួន។

ក្នុងកាលៈទេសៈដ៏សែនសោកសៅនេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រ កម្ពុជា ខ្ញុំសូមសម្តែងនូវសមានចិត្តយ៉ាងជ្រាលជ្រៅ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជូនចំពោះឯកឧត្តម រាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រថៃ ជាពិសេសក្រុមគ្រួសារនៃ សព និងជនរងគ្រោះ។ កម្ពុជាស្ថិតនៅជាមួយថៃក្នុងខណៈពេលដ៏សោកសង្រេងនៃឧប្បត្តិហេតុ សម្លាប់រង្គាលនេះ និងសូមបួងសួងឱ្យអ្នកដែលទទួលរងរបួសឆាប់បានជាសះស្បើយ ។

សូម ឯកឧត្តម ទទួលនូវការរាប់អានពីខ្ញុំ ៕

ដោយ ៖ សិលា


ចែករំលែក៖