ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃអាទិត្យ ១៤កេីត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២២ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំក្រសួង រួមជាមួយក្រុមមន្រ្តីបច្ចេកទេស ចុះពិនិត្យលទ្ធភាពក្នុងការរំដោះទឹកពីស្ទឹងព្រែកត្នោតដេីម្បីបង្ហូរទម្លាក់ចូលទៅក្នុងទន្លេ តាមរយៈប្រឡាយ ៩៤ និង ៩៦ នៅក្នុងភូមិសាស្រ្តសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ និងបន្តពិនិត្យស្ថានភាពទឹកតាមខ្នងទំនប់សណ្តស្ទឹងព្រែកត្នោត ដែលបច្ចុប្បន្ននៅពុំទាន់មានអ្វីជាការព្រួយបារម្ភខ្លាំងក្លានៅឡើយទេ ។
សូមបញ្ជាក់ថា, ក្នុងដំណើរពិនិត្យស្ថានភាពទឹកននេះ លោករដ្ឋមន្ត្រីបានណែនាំបន្ថែម ដល់ប្រធានមុខព្រួញទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ដោយស្មារតីទទួលខុសត្រូវខ្ពស់ ។
*ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង ៧មករា នាថ្ងៃទី ០៩ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៦:០០ នាទីព្រឹក ៖
– កម្ពស់ទឹកខាងមុខទ្វារ ៥,០៥ ម៉ែត្រ, កម្ពស់ទឹកប្រុងប្រយ័ត្ន ៥,៣០ ម៉ែត្រ
– កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០,២៥ ម៉ែត្រ
– កម្ពស់ទឹកខាងក្រោយទ្វារ ៧,២០ម៉ែត្រ, ជាកម្ពស់មួួយដែលត្រូវធ្វើការត្រៀមលក្ខណៈ និងតាមដានខ្ពស់ ព្រោះស្ថានភាពទឹកនៅបន្តកេីនឡេីង ៕
ដោយ ៖ សុខ ខេមរា