ភ្នំពេញ ៖ ដើម្បីជាកិច្ចថ្វាយតបចំពោះព្រះគុណូបការៈដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្រ្តនៃប្រជាជាតិ និងប្រជាជនកម្ពុជា របស់ ព្រះគ្រូ មហាឃោសនន្ទ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យថ្វាយនូវព្រះគោរមងារជា សម្តេចព្រះមហាឃោសនន្ទ នៃកម្ពុជា ចំពោះព្រះគ្រូ មហាឃោសនន្ទ ។ សូមក្រាបថ្វាយមហាកុសល ។
មកស្គាល់ប្រវត្តិសម្ដេចព្រះមហាឃោសានន្ទ វ៉ា យ៉ាវ ជាព្រះសង្ឃខ្មែរ ដែលពិភពលោកស្គាល់ព្រះអង្គច្រើនជាងជនជាតិខ្មែរស្គាល់ព្រះអង្គ។
-នាម វ៉ា យ៉ាវ គឺជាព្រះនាមពិតរបស់ សម្ដេចព្រះមហាឃោសានន្ទ
លក្ខណៈពិសេស
១.ជាព្រះសង្ឃខ្មែរទី១ ដែលទទួលបានការស្នើព្រះនាម ដើម្បី «ទទួលពានរង្វាន់ណូប៊ែលសន្តិភាព» ពីសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិច (លោក Claiborne Pell)ចំនួន៤ដង
២.ជាព្រះសង្ឃខ្មែរ ដែលនិយាយភាសាបរទេសបានច្រើនជាងព្រះសង្ឃខ្មែរណាៗទាំងអស់
៣.ជាព្រះសង្ឃខ្មែរទី១ ដែលបានចាត់ជា «ព្រះរស់របស់ផែនដី» ក្នុងចំណោមព្រះរស់ទាំង៥រូបនៅចុងសតវត្សទី២០ នៅក្នុងសៀវភៅ Buddha and Wisdom
៤.ជាព្រះសង្ឃខ្មែរទី១ ដែលចូលធ្វើការនៅអង្គការសហប្រជាជាតិក្នុងឋានៈជា «ទីប្រឹក្សាយោបល់» ផ្នែកសេដ្ឋកិច្ចនិងវប្បធម៌
៥.ជាព្រះសង្ឃខ្មែរទី១ ដែលសម្ដែងធម៌ក្នុងសមរភូមិ(១៩៩៤)ដែលកំពុងច្បាំងគ្នា រវាងខ្មែរក្រហមនិងទ័ពរដ្ឋាភិបាល ឲ្យមនុស្សប្រមាណ១០០០នាក់ស្ដាប់ នៅភូមិគីឡូ៣៨ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង
៦.ជាព្រះសង្ឃខ្មែរទី១ ដែលមានសមានទាននូវការ «មិននិយាយ»នៅជីវិតចុងក្រោយរហូតដល់ពេលសុគត
៧.ជាព្រះសង្ឃខ្មែរទី១ ដែលទទួលបានពានរង្វាន់សន្តិភាព « Niwano» ពីប្រទេសជប៉ុន និង ពានរង្វាន់ Thorolf Rafto ពីប្រទេសណ័រវេ
៨.ជាព្រះសង្ឃខ្មែរទី១ ដែលបានលះបង់ពេញមួយជីវិតរបស់ព្រះអង្គសម្រាប់ខ្មែរហើយត្រូវបានជនជាតិខ្មែររបស់ព្រះអង្គមិនស្គាល់ «ព្រះអង្គថាជានរណា?»
៩.ជាព្រះសង្ឃខ្មែរ ដែលពិភពលោកស្គាល់ព្រះអង្គច្រើនជាជាងជនជាតិខ្មែរស្គាល់ព្រះអង្គ
១០.ជាក្រុមព្រះសង្ឃខ្មែរទី១ (មហាអាំ សួន មហាវ៉ា យ៉ាវ និង មហាមាស ចន) ទៅរៀនព្រះពុទ្ធសាសនា នៅវិទ្យាស្ថាននាវលន្ទា ប្រទេសឥណ្ឌា ក្នុងឆ្នាំ១៩៥៥
១១.ជាព្រះសង្ឃខ្មែរទី១ ផ្ដើមធ្វើ«ធម្មយាត្រា»នៅកម្ពុជាដើម្បីសន្តិភាព និង អហឹង្សា ៕
ដោយ : សហការី