ព័ត៌មានទាន់ហេតុការណ៍៖

សហភាពសហព័ន្ធយុវជនកម្ពុជា ផ្លាស់ប្តូរទីតាំងនៃការប្រារព្ធកម្មវិធី «សមាធិរលឹកដួងព្រះវិញ្ញាណក្ខន្ធ»

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) មានកិត្តិយសសូមជម្រាបជូនសមាជិក សមាជិកា សាធារណជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អំពី ការផ្លាស់ប្តូរទីតាំងនៃការប្រារព្ធកម្មវិធី «សមាធិរលឹកដួងព្រះវិញ្ញាណក្ខន្ធ» ដូចមានរៀបរាប់ក្នុងសេចក្តីជូនដំណឹងដែលមានភ្ជាប់ជូន។ 

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សមាជិក សមាជិកា សាធារណជន និងអ្នកសារព័ត៌មានជាតិ និង អន្តរជាតិ មេត្តាជ្រាបជាព័ត៌មានដោយក្តីអនុគ្រោះ។

សម្គាល់៖ សម្រាប់សាធារណជនដែលបានចុះឈ្មោះចូលរួមរួចរាល់ ក្រុមការងារ នឹងទាក់ទងដើម្បីជម្រាបបញ្ជាក់ព័ត៌មានបន្ថែម។

សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) មានកិត្តិយសសូមជម្រាបជូនសមាជិក សមាជិកា សាធារណជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តាជ្រាបថា យោងតាមសេចក្តីជូនដំណឹងលេខពិសេស ធទឧស្តីពីស្ថានភាព អាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ បានបង្ហាញថា ព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងតំបន់ប្រសព្វរវាងទ្រនុងសម្ពាធខ្ពស់ពីចិន និងជ្រលងសម្ពាធទាប ដែលរុញច្រានពីភាគខាងក្រោមនៃសមុទ្រ ចិនខាងត្បូង។ ជាមួយគ្នានោះនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ក៏នឹងអាចកើតមានសម្ពាធទាបសកម្ម (Active Low) មួយដើរចូលមកលើភាគអាគ្នេយ៍នៃប្រទេសវៀតណាម។

ស្ថានភាពបែបនេះនឹងធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ នឹងបន្ត មានភ្លៀងធ្លាក់នៅលើផ្ទៃប្រទេស។ សម្រាប់រាជធានីភ្នំពេញ និងបណ្តាខេត្តដទៃទៀតនៅភាគខាងក្រោមនឹងអាចមានភ្លៀង ក្នុងកម្រិតពីមធ្យមទៅច្រើនលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ដោយយល់ឃើញពីស្ថានភាពចាំបាច់ចំពោះមុខ និងដើម្បីធានាដល់ដំណើរការនៃការត្រៀមរៀបចំកម្មវិធីដ៏វិសេស វិសាលខាងលើអាចប្រព្រឹត្តទៅបានស្របតាមការគ្រោងទុក សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) បានសម្រេច ផ្លាស់ប្ដូរទីតាំងនៃការប្រារព្ធកម្មវិធីពី «សួនច្បារខាងមុខព្រះបរមរាជវាំង» មក «សាលាធម្មសភា (វត្តបទុមវតី)» និងរក្សា កាលបរិច្ឆេទនៃការប្រារព្ធកម្មវិធីនាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ នៅដដែល។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសមាជិក សមាជិកា សាធារណជន និងអ្នកសារព័ត៌មានជាតិ និង អន្តរជាតិ មេត្តាជ្រាបជាព័ត៌មានដោយក្ដីអនុគ្រោះ ៕

ដោយ : សិលា


ចែករំលែក៖