ខ្សែប្រយុទ្ធ Cristiano Ronaldo បានចេញពីកៅអីបម្រុងដើម្បីជួយក្រុមបិសាចក្រហម Manchester United ទទួលជ័យជម្នះ ២-១ នៅលើទឹកដីក្រុម Everton ក្នុងក្របខ័ណ្ឌ Premier League កាលពីថ្ងៃអាទិត្យ ទី៩ខែតុលាដោយធ្វើឱ្យចំនួនគ្រាប់បាល់អាជីពរបស់គាត់ឈានដល់៧០០គ្រាប់។
ដូចដែលពួកគេបានធ្វើកាលពីចុងសប្តាហ៍មុនក្នុងការប្រកួត Manchester Derby ដែលចាញ់ក្រោមថ្វីជើងគូប្រជែងក្នុងស្រុក Manchester City នោះ ក្រុម Man United បានប្រកួតនៅកីឡដ្ឋាន Goodison Park ដោយត្រូវក្រុមម្ចាស់ផ្ទះនាំមុខ១គ្រាប់ត្រឹម៥នាទីបន្ទាប់ពីកីឡាករ Alex Iwobi បានទាត់បាល់ចូលសំណាញ់ទីពីចម្ងាយ២០ម៉ែត្រ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកទស្សនាបានឆ្លើយតបកាន់តែប្រសើរឡើងនៅពេលនេះ ហើយភ្លាមៗនោះការប្រកួតមានការប្រែប្រួលខណៈដែលកីឡាករចំណូលថ្មី Antony បានស៊ុតចូលក្រុមម្ចាស់ផ្ទះ១គ្រាប់តាមស្មើវិញ ហើយកីឡាករប្រេស៊ីលរូបនេះបានក្លាយជាកីឡាករដំបូងគេរបស់ United ដែលស៊ុតបញ្ចូលទីក្នុងការបង្ហាញខ្លួន៣ប្រកួតដំបូងនៅ Premier League ។
កីឡាករបម្រុង Ronaldo បានចូលលេងក្នុងតង់ទី១ ក្នុងស្ថានភាពមិននឹកស្មានដល់ភ្លាមៗបន្ទាប់ពីកីឡាករ Anthony Martial រងរបួស ហើយចំណាយពេលត្រឹមតែ១៤នាទីប៉ុណ្ណោះដើម្បីរកគ្រាប់បាល់ដំបូងនៅ Premier League រដូវកាលនេះដែលជាគ្រាប់បាល់ទី១៤៤របស់គាត់សម្រាប់ក្រុម United ឆ្លងកាត់២ប្រកួត និងជាគ្រាប់បាល់ទី៧០០របស់គាត់ក្នុងអាជីព។
ជាមួយគ្នានេះខ្សែប្រយុទ្ធ Marcus Rashford បានប៉ុនប៉ងស្វែងរកគ្រាប់បាល់១គ្រាប់ដែរ ប៉ុន្តែការខិតខំប្រឹងប្រែងរបស់គាត់ត្រូវបានខកខានវិញបន្ទាប់ពីការត្រួតពិនិត្យ VAR សម្រាប់បាល់ប៉ះដៃខ្សែប្រយុទ្ធអង់គ្លេសរូបនេះ។
ក្រុម Everton មិនដែលមើលទៅដូចជាខិតខំក្នុងការរកស្វែងរកគ្រាប់បាល់តាមស្មើចុងម៉ោង ប៉ុន្តែនៅតែមិនអាចបំប៉ោងសំណាញ់ទីបាន ខណៈដែលក្រុម Man Utd បានរក្សាការជ័យជម្នះដែលបានធ្វើឱ្យក្រុមនេះឡើងទៅចំណាត់ថ្នាក់លេខ៥មាន១៥ពិន្ទុ ដោយដេញតាមពីក្រោយក្រុមកំពូលតារាង Arsenal ៩ពិន្ទុ។ ចំណែកការចាញ់លើកដំបូងរបស់ Everton ក្នុងការប្រកួតលីគចំនួន៧លើក ធ្វើឱ្យក្រុមនេះឈរនៅចំណាត់ថ្នាក់លេខ១២មាន១០ពិន្ទុ ៕
ដោយ ៖ ភារៈ(រូបភាព ៖ BBC Sport/Reuters/CNA)