ព័ត៌មានទាន់ហេតុការណ៍៖

បើមិនបញ្ចប់សង្គ្រាមរវាងរុស្ស៊ីនឹងអ៊ុយក្រែនជាបន្ទាន់ទេនោះ សង្គ្រាមលោកលើកទីបីនឹងកើតឡើង

ចែករំលែក៖

អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានពីសង្គ្រាមលោកលើកទីបីកើតឡើង ប្រសិនបើសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន មិនបញ្ចប់ដោយសន្តិភាពក្នុងពេលឆាប់ៗនេះនោះទេ។ លោកត្រាំបានលើកឡើងថា «បច្ចុប្បន្នកំពុងតែមើលឃើញយ៉ាងច្បាស់ពីសង្គ្រាម រុស្ស៊ីនិងអ៊ុយក្រែនកាន់តែកើនកម្តៅខ្លាំងឡើង»។
លោកត្រាំក៏បានស្នើឱ្យមានកិច្ចពិភាក្សាជាបន្ទាន់ដើម្បីបញ្ចប់សង្គ្រាម បើមិនដូច្នោះទេយើងនឹងប្រឈមសង្គ្រាមលោកលើកទីបី ដោយសារប្រទេសទាំងពីរមិនមានអ្វីស្តាយស្រណោះទៀតឡើយ។
ក្រោយពេលដែលអ៊ុយក្រែន វាយប្រហារបំផ្ទុះគ្រាប់រំសេវផ្ទុកនៅលើរថយន្តលើស្ពានគ្រីមៀរបស់រុស្ស៊ី ទីក្រុងមូស្គូកំពុងតែត្រៀមលក្ខណៈវាយប្រហារទ្រង់ទ្រាយធំទៅលើទីតាំងនានារបស់អ៊ុយក្រែន។ រុស្ស៊ីក៏បានបញ្ចេញមេទ័ពដៃឆៅក្នុងការដឹកនាំសង្គ្រាមនៅអ៊ុយក្រែនផងដែរ។
ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន បានចោទប្រកាន់អ៊ុយក្រែនថា គឺជាអ្នកនៅពីក្រោយទង្វើដែលលោកចាត់ទុកជា ការវាយប្រហារភេរវកម្មនៅលើស្ពានដ៏សំខាន់ដែលតភ្ជាប់ឧបទ្វីបគ្រីមៀជាមួយប្រទេសរុស្ស៉ី។ ក្នុងសារជាវីដេអូមួយកាលពីថ្ងៃអាទិត្យកន្លងទៅ លោកប្រធានាធិបតីរុស្ស៉ី បាននិយាយយ៉ាងដូច្នេះថា «គ្មានអ្វីត្រូវសង្ស័យនោះទេ។ នេះគឺជាអំពើភេរវកម្មដែលមានគោលដៅបំផ្លិចបំផ្លាញហេរដ្ឋារចនាសម្ព័ន្ធស៉ីវិលសំខាន់ៗបំផុត។ សកម្មភាពនេះ ត្រូវបានរៀបចំ ប្រព្រឹត្ត និងបញ្ជាដោយ ទីភ្នាក់ងារស៉ើបការណ៍សម្ងាត់និងសន្តិសុខជាតិរបស់អ៊ុយក្រែន»។
ការលើកឡើងខាងលើរបស់លោក ពូទីន គឺស្របពេលដែលរូបលោក ត្រៀមដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខនាថ្ងៃចន្ទនេះជុំវិញហេតុការណ៍នៅស្ពានគ្រីមៀ។

ទន្ទឹមគ្នានេះ អតីតប្រធានាធិបតីរុស្ស៉ី លោក ឌីមីទ្រី ម៉េដវេដេវ (Dmitry Medvedev) ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិបានព្រមានដូច្នេះថា «ការឆ្លើយតបតែមួយគត់របស់រុស្ស៉ីចំពោះបទឧក្រិដ្ឋនេះ គឺសម្លាប់ពួកភេរវករផ្ទាល់តែម្តង ហើយវាគឺជាអ្វីដែលប្រជាពលរដ្ឋរុស្ស៉ីរំពឹងចង់ឱ្យធ្វើផងដែរ»៕

ដោយ៖ ធីរីណា

រូបថត៖ Chery Dieu-Nalio/REUTERS

រូបថត៖ TASS


ចែករំលែក៖