គ្រោះទឹកជំនន់ទ្រង់ទ្រាយធំនៅតំបន់ភាគកណ្តាលនៃប្រទេសវេណេហ្ស៊ុយអេឡា បណ្តាលឱ្យមានមនុស្សស្លាប់កើនឡើងដល់២៥នាក់ហើយ និងជាង៥០នាក់បាត់ខ្លួន។
អនុប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោកស្រី Delcy Rodriguez បានឱ្យដឹងថា «យើងបានទទួលរងការខាតបង់យ៉ាងខ្លាំងទាំងទ្រព្យសម្បត្តិនិងអាយុជីវិត ។ នៅពេលនេះមានមនុស្ស២៥នាក់ស្លាប់និងជាង ៥០នាក់ផ្សេងទៀតបាត់ខ្លួន ហើយក្រុមអ្នកជួយសង្គ្រោះកំពុងតែស្វែងរក ។
លោកស្រី Delcy Rodriguez បានប្រាប់ថា ទឹកភ្លៀងដែលមានបរិមាណស្មើនឹងកម្រិតទឹកភ្លៀងធម្មតាជាមធ្យមសម្រាប់រយៈពេល១ខែ គឺបានធ្លាក់ក្នុងរយៈពេលត្រឹមតែ៨ម៉ោងប៉ុណ្ណោះ កាលពីចុងសប្តាហ៍កន្លងទៅនេះ ហើយទឹកជំនន់បានហូរនាំដើមឈើធំៗ ដីភក់ និងកម្ទេចកម្ទីផ្សេងៗពីតំបន់ភ្នំនៅក្បែរខាង ចូលទៅក្នុងក្រុង Tejerias ដែលនៅចម្ងាយជិត៧០គីឡូម៉ែត្រពីភាគនិរតីនៃរដ្ឋធានីការ៉ាកាស់ ហើយបង្កឱ្យអាជីវកម្មនិងផ្ទៃដីស្រែចម្ការនៅទីនោះទទួលរងការខូចខាត។
លោកស្រី រ៉ូឌ្រីហ្គេស បានបន្តថា អាទិភាពនាពេលនេះ គឺផ្តោតលើការស្វែងរកប្រជាជនដែលនៅជាប់ខ្លួនក្រោមល្បាប់ភក់និងដុំថ្មនៅក្នុងក្រុង តេចេរីយ៉ាស់ ខណៈដែលកងកម្លាំងយោធា និងបុគ្គលិកផ្នែកជួយសង្រ្គោះកំពុងរុករកអ្នករស់រានមានជីវិតនៅតាមបណ្តោយច្រាំងទន្លេដែលជន់លិច។ រីឯប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានប្រកាសដាក់កន្លែងរងគ្រោះខ្លាំងជាងគេនេះជាតំបន់គ្រោះមហន្តរាយ រួមជាមួយការកាន់ទុក្ខរយៈពេល៣ថ្ងៃ។
មកទល់ពេលនេះចំនួនអ្នកស្លាប់សរុបកើនដល់យ៉ាងតិច៤០នាក់ហើយ នៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ដោយសារតែការធ្លាក់ភ្លៀងបង្កឡើងដោយបាតុភូតអាកាសធាតុ ឡា នីណា៕
ដោយ៖ ធីរីណា(រូបថត៖ AFP)