ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងការងារ ៖ គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា បានរួមចំណែកជំរុញការនាំចេញឧស្សាហកម្មកាត់ដេរកម្ពុជា ដែលជាផ្នែកមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា សម្រាប់ឆ្នាំ ២០២៣-២០២៧ នៅសណ្ឋាគារភ្នំពេញ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុក គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការនាំចេញក្នុងឧស្សាហកម្មកាត់ដេររបស់កម្ពុជា ដែលជាផ្នែកមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។ កម្មករនិយោជិត និងនិយោជកនៃរោងចក្រកាត់ដេរ ដែលធ្វើការនាំចេញផលិតផលទៅក្រៅប្រទេសបានទទួលនូវអត្ថប្រយោជន៍ជាច្រើនអំពីការអនុវត្តគម្រោងនេះ ដោយអាចរក្សាបាននូវការងារ ដែលមានលក្ខខណ្ឌល្អប្រសើរ និងទទួលប្រាក់ចំណេញអាជីវកម្ម តាមរយៈការទទួលបានការបញ្ជាទិញពីអ្នកបញ្ជាទិញអន្តរជាតិ ដែលមានកំណើនជាប្រចាំជាមួយនឹងអនុលោមភាពតាមច្បាប់មានកម្រិតខ្ពស់។

លោកបណ្ឌិត អ៉ិត សំហេង អះអាងថា ដោយសារតែគម្រោងនេះមានបេសកកម្ម និងកម្មវិធីការងារគាំទ្រនូវគោលនយោបាយ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការសំដៅធានាការលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិការងារ និងសេរីភាពអង្គការវិជ្ជាជីវៈ ទើបបានជាគម្រោងនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងពាណិជ្ជកម្ម ហើយអាចដំណើរការបានយ៉ាងរលូនក្នុងរយៈពេល ២១ឆ្នាំមកនេះ។ ភាពជោគជ័យ និងការអនុវត្តល្អរបស់គម្រោងនេះនៅកម្ពុជា ត្រូវបានក្លាយជាគម្រូសម្រាប់បណ្តាប្រទេសក្នុងតំបន់តាមរយៈការបង្កើតជា “កម្មវិធីការងារល្អប្រសើរ (Better Work)”។  

រដ្ឋមន្ត្រីក្រសួងការងារ បន្តថាសម្រាប់អនុស្សរណៈ នៃការយោគយល់គ្នាថ្មី សម្រាប់ឆ្នាំ២០២៣-២០២៧ នេះជាអនុស្សរណៈលើកទី៨ ដែលនឹងត្រូវចុះហត្ថលេខា បានកែសម្រួលលក្ខខណ្ឌអនុវត្តគម្រោងមួយចំនួន ដោយបន្ថែមរយៈពេលអនុវត្តពី៣ឆ្នាំ ទៅ ៥ឆ្នាំ ដើម្បីធានានូវនិរន្តរភាពរបស់គម្រោង និងនិមិត្តរូបនៃការគោរពលក្ខខណ្ឌការងារ ដែលជាការបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា។  ស្របជាមួយគ្នានេះ រាជរដ្ឋាភិបាល  បានដំឡើងបដិភាគហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាលចំនួន មួយលាន ដុល្លារអាម៉េរិក ក្នុង១ឆ្នាំ ជាមួយកំណើន ដប់ម៉ឺន ដុល្លារអាម៉េរិក ក្នុង ១ឆ្នាំ សម្រាប់រយៈពេល ៥ឆ្នាំ ដើម្បីធានាប្រសិទ្ធភាពការងារ និងអាចឆ្លើយតបទៅនឹងវិសាលភាពដែលបានដាក់បញ្ចូលវិស័យផលិតផលធ្វើដំណើរ និងកាបូប។

លោកបណ្ឌិត អ៉ិត សំហេង បានបញ្ជាក់ជូនអំពីសកម្មភាពការងារសំខាន់ៗ សម្រាប់បន្តធ្វើការរួមគ្នាពីឆ្នាំ២០២៣ ដល់២០២៧ នៅក្នុងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដែលរួមមាន៖

១.បន្តពង្រឹងប្រសិទ្ធភាពក្នុងការធើ្វការងាររួមគ្នាដើម្បីធើ្វឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងវិស័យផលិតផលធ្វើដំណើរនិងកាបូបនៅកម្ពុជា។ 

២.កំណត់បែបបទការងារក្នុងការចុះវាយតម្លៃលក្ខខណ្ឌការងារក្នុងវិស័យផលិតផលធ្វើដំណើរ និងកាបូប។ ៣.ធ្វើការបណ្តុះបណ្តាលរួមគ្នារវាងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា វិទ្យាស្ថានជាតិការងារ (វ.ជ.ក) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា (CGTI)។ ៤.កសាងផែនការសកម្មភាពការងាររួមគ្នារវាង ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ និងគម្រោងរោងចក្រកាន់តែប្រសើរ ក្នុងគោលបំណងគាំទ្រការលើកកម្ពស់សមត្ថភាព និងភាពជាម្ចាស់របស់កម្ពុជា និង៥.បន្តជំរុញការសហការជិតស្និទ្ធជាមួយបណ្តាអ្នកបញ្ជាទិញអន្តរជាតិ ក្នុងការបន្តបញ្ជាទិញពីកម្ពុជា និងធានាបានថា ទំនិញដែលទិញពីកម្ពុជាជាទំនិញដែលមានប្រភពស្អាតស្អំដោយគោរពតាមបទដ្ឋានការងារអន្តរជាតិ។

លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា តាមរយៈការអនុវត្តគោលនយោបាយនៃការផ្សារភ្ជាប់ពាណិជ្ជកម្ម ជាមួយនឹងបទដ្ឋានការងារ បានប្រែក្លាយកេរ្តិ៍ឈ្មោះរបស់កម្ពុជាទៅជាប្រទេសឈានមុខគេក្នុងគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ និងបានធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសគំរូសម្រាប់ប្រទេសមួយចំនួនយកធ្វើជាបទពិសោធន៍ សម្រាប់យកទៅអនុវត្ត និងរៀនសូត្រតាម។ ការអនុវត្តគោលនយោបាយនៃការផ្សារភ្ជាប់ពាណិជ្ជកម្ម ជាមួយនឹងបទដ្ឋានការងារ ក៏បានបង្កើនទំនុកចិត្តដល់អ្នកបញ្ជាទិញម៉ាកយីហោល្បីៗក្នុងការដាក់បន្ថែមការបញ្ជាទិញផលិតផលសំខាន់ៗ រួមមាន សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង និងកាបូបនៅកម្ពុជាពីមួយឆ្នាំ ទៅមួយឆ្នាំកាន់តែច្រើនឡើងផងដែរ។ 

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បញ្ជាក់ឲ្យដឹងថា ការនាំចេញរបស់កម្ពុជាក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទៅកាន់ទីផ្សារបរទេស នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២២ ការនាំចេញមានទឹកបា្រក់សរុប ១៧ ៥៧៨ (ដប់ប្រាំពីរពាន់ ប្រាំរយចិតសិបប្រាំបី) លានដុល្លារអាម៉េរិក កើនឡើង ២៤.២៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ក្នុងនោះការនាំចេញសម្លៀកបំពាក់ និងវាយនភ័ណ្ឌ មានកំណើន ២៣.១៦ភាគរយ និងផលិតផលធ្វើដំណើរនិងកាបូប មានកំណើន ៣៦.៣១ ភាគរយ។

លោក Graeme Buckley នាយកការិយាល័យអង្គការ ILO ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ ឃើញថាការអនុលោមតាមច្បាប់ជារួមនៅក្នុងប្រទេសកម្ពុជាមានភាពប្រសើរឡើងមួយផ្នែកដោយសារការរាយការណ៍ប្រកបដោយតម្លាភាពរបស់ គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) លើបញ្ហាសំខាន់ៗ។ BFC នឹងប្តេជ្ញាបន្តដើរតួជាអ្នកសម្របសម្រួលនៃភាគីពាក់ព័ន្ធក្នុងឧស្សាហកម្ម រួមទាំងអ្នកទិញអន្តរជាតិ ដែលដើរតួយ៉ាងសំខាន់ផងដែរក្នុងការកែលម្អវិស័យនេះ តាមរយៈការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវរបស់ពួកគេ។ 

លោកឧកញ៉ា គង់ សាង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លើកឡើងថា សមាគមពិតជាមានមោទនភាព ដែលបានក្លាយជាសមាគមវិស័យឯកជនទីមួយក្នុងពិភពលោក ដែលទទួលយកកម្មវិធីពិសេសរបស់អង្គការអន្តរជាតិខាងការងារនេះ ឲ្យមកតាមដានត្រួតពិនិត្យ ដោយឯករាជ្យលើរោងចក្ររបស់យើង និងធ្វើការរាយការណ៍ប្រកបដោយតម្លាភាពអំពីលទ្ធផលរកឃើញរបស់ពួកគេ។ សមាគមសូមគាំទ្រ និងមានសេចក្តីរីករាយដែលបានបន្តអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបន្តអនុវត្តក្នុងរយៈពេល៥ឆ្នាំទៅមុខទៀត៕

ដោយ ៖ សហការី


ចែករំលែក៖