ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ​២នាក់ ត្រូវបានកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត​

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ​៖ ជនសង្ស័យ​២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត​នៅរសៀលថ្ងៃទី១០​ ខែតុលា​ ឆ្នាំ​២០២២​នេះដើម្បីអនុវត្តតាមនីតិវិធី។

  លោកនួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានអាវុធហត្ថប្រាប់ថាៈកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​បាន ឃាត់ខ្លួនជនសង្ស័យ​២នាក់​ ករណី​ លួចម៉ូតូកង់បី ដែលប្រព្រឹត្តកាលពីវេលាម៉ោង០៥និង០០នាទីព្រឹក ថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២២ កន្លងទៅ​ នៅចំណុចបុរីដួងចន្ទ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត  ករណីនេះធ្វើឡើងតាមពាក្យបណ្តឹងជនរងគ្រោះឈ្មោះ ព្រំ ប្រុងប្រយ័ត្ន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

  ក្រោយពីទទួលបានបណ្ដឹងភ្លាម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ​ កំណត់មុខសញ្ញាបាន រហូតនៅវេលាម៉ោង ២២និង៣០នាទី ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ នៅចំណុចកាស៊ីណូសែនផាឡែស ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ នាំខ្លួនទៅកាន់មូលដ្ឋានក្រុងដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី ។

លោកមេបញ្ជាការរូបនោះបញ្ជាក់ថាៈ  ជនសង្ស័យ​ទាំង​២នាក់​ ១-ឈ្មោះ ម៉ៃ សុភា ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្នភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  ២-​ឈ្មោះ វី លីហ័រ ហៅ អ៊ូក ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉េត ។ 

ក្រោយការឃាត់ខ្លួន​ និងសួរចម្លេីយ​ ជនសង្ស័យ​ បានសារភាពថា​ ខ្លួនទាំង២នាក់ពិតជាបានលួចម៉ូតូកង់បីរបស់ជនរងគ្រោះពិតប្រាកដមែន ។ ដោយផ្អែកលេីចម្លេីយសារភាព​ ជនសង្ស័យត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។ 

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា​ មុនពេលបង្រ្កាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។ 

បច្ចុប្បន្ន ជនសង្ស័យ​ទាំង២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត​ចាត់ការបន្ត ចំណែកម៉ូតូកង់បីត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប្រគល់ឱ្យម្ចាស់ដើមវិញ៕

ដោយ ៖ វណ្ណា


ចែករំលែក៖