ព័ត៌មានទាន់ហេតុការណ៍៖

គយ និងរដ្ឋាករ ៖ ការនាំចេញទំនិញរបស់កម្ពុជាក្នុងរយៈពេល៩ខែជាង១៧ពាន់លានដុល្លារ កើនឡើងជាង ២២ភាគរយ

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានអោយដឹងថា កម្ពុជា​បាននាំចេញទំនិញ សម្រេចបានក្នុងទំហំទឹកប្រាក់ជាង ១៧,៥២ពាន់លាន​ដុល្លារអាមេរិក ក្នុងរយៈពេលបីត្រីមាស ឆ្នាំ២០២២នេះ ​កើនឡើង ២២.១% បើធៀប​នឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។ ​

ទិន្នន័យដដែលនេះបង្ហាញថា ពីខែមករាដល់ខែកញ្ញា ឆ្នាំ២០២២ ការនាំចេញទំនិញទៅក្រៅប្រទេស មានតម្លៃ ១៧,៥២ពាន់លានដុល្លារ កើនឡើង ២២.១% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។ មានន័យថាការនាំចេញទំនិញទៅក្រៅប្រទេសមានតួលេខកើនឡើងគួរឲ្យកត់សម្គាល់ជារៀងដរាប។

មិនមែនតែការនាំចេញនោះទេដែលមានការកើនឡើងផ្ទុយទៅវិញការនាំចូលក៏កើនឡើងដែរ។  ការនាំចូលទំនិញមកកម្ពុជាវិញ ​មានតម្លៃ ២៣.៧៦ ពាន់លានដុល្លារអាមេរិក កើនឡើង​១៥.២ភាគរយ ដែលធ្វើឱ្យទំហំពាណិជ្ជកម្មរបស់កម្ពុជា ​ជាមួយទីផ្សារអន្តរជាតិ ក្នុងរយៈពេល​៩ខែនេះ កើនដល់ ៤១.០២ពាន់លានដុល្លារ ​កើនឡើង១៨ ភាគរយ។

ទំនិញដែលកម្ពុជានាំចេញ​ទាំងនោះ រួមមាន ​សំលៀក បំពាក់​ក្នុងទំហំទឹកប្រាក់ជាង ៦.៤ពាន់​លានដុល្លារ, ម៉ាស៊ីន ​និងឧបករណ៍អគ្គិសនី,​ ផលិតផលស្បែកជើង សម្ភារធ្វើពីស្បែកសត្វ យានក្រៅពីអយស្ម័យយាន, គ្រាប់ធញ្ញជាតិ គ្រឿង​សង្ហារឹម កៅស៊ូ, រួមនឹងផលិតផលផ្សេងទៀត ដូចជា​ផ្លែឈើ បន្លែ គុជខ្យង ប្រដាប់ក្មេងលេង វត្ថុវាយនភណ្ឌកែច្នៃផ្សេងជាដើម​។

អ្នកជំនាញសេដ្ឋកិច្ច​ លើកឡើងថា ​ការកើនឡើងនូវការនាំចេញទំនិញគ្រប់ប្រភេទរបស់កម្ពុជានេះ ដោយ​សារកម្ពុជា ​បានអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (RCEP) ដែល​តាម​រយៈទីផ្សារទាំង១៥​ ប្រទេសជាសមាជិករបស់ RCEP បានស្រូបយកទំនិញយ៉ាងច្រើនពីកម្ពុជា​ក្រោមអត្រាពន្ធទាប។

ជាមួយគ្នាតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា ​និងចិន ​ដែលបានចូលជាធរមាន ក៏ត្រូវបាន​អ្នកនាំចេញប្រើប្រាស់អត្ថប្រយោជន៍​កិច្ចព្រមព្រៀងនេះ ​គួរឱ្យកត់សម្គាល់ផងដែរ។

តាមអគ្គយកដ្ឋាន​ និងរដ្ឋាករកម្ពុជា ​អាមេរិក ​គឺជាទីផ្សារធំបំផុតរបស់កម្ពុជា ដែលកម្ពុជាបាននាំ​ទំនិញ​ទៅសហរដ្ឋអាមេរិក ក្នុងតម្លៃ ៧,០៤ ពាន់ដុល្លារ ​ខណៈវៀតណាម បាននាំចូលទំនិញពីកម្ពុជា​ក្នុងតម្លៃ ១,៥៩ពាន់ដុល្លារ, ជប៉ុននាំចូលទំនិញពីកម្ពុជា ​ក្នុងតម្លៃ ៨៩៧ ​លានដុល្លារ, និងចិន ក្នុងតម្លៃ៨៩៥ ​លានដុល្លារ៕

ដោយ៖ សូរិយា


ចែករំលែក៖