ខេត្តកំពង់ធំ៖ ផ្ទះមួយខ្នងត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងស្រុងព្រោះតែឆ្លងចរន្តអគ្គិសនី។
ហេតុការណ៍នេះកើតឡើងនៅភូមិសាមក្អោក ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោងប្រមាណ១០៖៤៥នាទីព្រឹក ។
លោកវរសេនីយ៍ឯក យ៉ង់ សំ អធិការអធិការដ្ឋាននគរបាលស្រុកស្ទោងបានឱ្យដឹងថា ផ្ទះមួយខ្នងដែលឆាបឆេះនេះមានទំហំ៨ម៉ែត្រ×១២ម៉ែត្រ សាងសង់អំពីឈើដំបូលប្រក់ក្បឿងត្រូវខូចខាតទាំងស្រុង។
ដោយម្ចាស់ផ្ទះមានឈ្មោះ ស៊ត រ៉ុម ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
ប្រភពដដែលបានឱ្យដឹងទៀតថា ក្នុងករណីនេះដែរកម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាននគរបាលស្រុកស្ទោង០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២ឡាន ស្មើនឹង១២ម៉ែត្រគូប និងរថយន្តក្រុមហ៊ុន ឧកញ៉ា លឹម ប៊ុណ្ណា ០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០២ឡាន ស្មើនឹង០៦ម៉ែត្រគូប។
ក្នុងករណីនេះដែរ ដោយមានការខិតខំប្រឹងប្រែងដុតដៃដុតជើងពីកម្លាំងនគរបាលនិងប្រជាការពារសរុបចំនួន២០នាក់ រហូតដល់ម៉ោង ១២:០០នាទី ទើបពន្លត់បានទាំងស្រុង ដោយមិនបណ្ដាលឱ្យឆ្លងឆេះទៅផ្ទះអ្នកជិតខាងឡើយ។
ជាមួយគ្នានេះលោកវរសេនីយ៍ឯក យ៉ង់ សំ អធិការអធិការដ្ឋាននគរបាលស្រុកស្ទោង សូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្ន ជាពិសេសលើករណីអគ្គីភ័យនេះដែលអាចកើតមានឡើងដោយយថាហេតុ ក្នុងនោះមុនចេញទៅប្រកបការងារខាងក្រៅ សូមពិនិត្យ និងពន្លត់ភ្លើង ធូប ទៀន ចង្ក្រាន និងបិទបារ៉ែតភ្លើងមុនចេញដំណើរទៅណាមកណា។
គួរបញ្ជាក់ផងដែរ ផ្ទះមួយខ្នងត្រូវអគ្គិភ័យលេបត្របាក់ទាំងស្រុង ព្រោះឆ្លងចរន្តអគ្គិសនីរួមមាន៖ លុយអស់ចំនួន១.០០០ដុល្លារ មាសអស់ចំនួន១តម្លឹង២ជី គ្រែដេក២គ្រឿង ក្តារងឿ៦សន្លឹក ទូកឈើចំនួន២គ្រឿង និងសម្ភារមួយចំនួនទៀតផងដែរ ៕
ដោយ៖ កែវមន្នី