ខេត្តកណ្ដាល៖ ស្ត្រីចំណាស់ម្នាក់ ព្រោះតែមានជីវភាពខ្វះខាតបានអុំទូកទៅបេះត្រកួន និងរាវខ្យងយកមកដោះស្រាយជីវភាព តែជាអកុសលក៏បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៧និង១២នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២នៅចំណុចបឹងចន្លក់ ស្ថិតក្នុងភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា ជនរងគ្រោះឈ្មោះវ៉េង ម៉ាលី ហៅអួច ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់បងប្អូន សាច់ញាតិនៅកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះតែងតែជិះទូកទៅបេះត្រកួននិងរាវខ្យងជាប្រចាំ រៀងរាល់ថ្ងៃ ។ លុះមកដល់ម៉ោង១៥និង០០នាទីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២វេលាម៉ោងកើតហេតុខាងលើ ដោយបាត់យូរពេក ទើបក្រុមគ្រួសារនាំគ្នាជិះទូកទៅរកជនរងគ្រោះនៅកន្លែងដែលជនរងគ្រោះធ្លាប់ទៅបេះត្រកួននិងរាវខ្យង ដោយក្រុមគ្រួសារបានចុះមុជទឹករាវរកក៏ប្រទះឃើញជនងគ្រោះ តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
បន្ទាប់មកប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានរាយការណ៍មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍គគីរ។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរសហការជាមួយកម្លាំងផ្នែកជំនាញកោសល្យវិច័យស្រុកកៀនស្វាយ អាជ្ញាធរភូមិ ឃុំ គ្រូពេទ្យឃុំ បានធ្វើការពិនិត្យសាកសព។
តាមការពិនិត្យសាកសព នៅលេី.កដងខ្លួនអវៈយវៈជនរងគ្រោះមិនមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡេីយ។
ការសន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយសារលង់ទឹក ។ ក្រោយពិនិត្យរួចសមត្ថកិច្ចបានប្រគល់សាកសពជូនអាជ្ញាធរមូលដ្ឋានឃុំគគីរនិងប្រជាពលរដ្ឋជាសាច់ញាតិនៅជិតកន្លែងកើតហេតុធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ស្អាងជ័យ