ខេត្តកំពង់ឆ្នាំង៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃអង្គារទី១១ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ដេីម្បីទប់ស្កាត់បទល្មើសនេសាទ កម្លាំងជំនាញ បន្តចុះបង្រ្កាប និងរឹបអូសបានលបលូសាច់អួន,របាំងសាច់អួនមួយចំនួនយកទៅដុតកម្ទេចចោល នៅស្រុកស្រុកជលគិរី។
របាយការណ៍ដដែលបន្តថា កម្លាំងប៉ុស្តិ៍នគរបាលកោះថ្កូវ នៃអធិការដ្ឋាននគរបាលស្រុកជលគិរី នៅថ្ងៃទី១០ ខែតុលាម្សិលមិញនេះ បានសហការជាមួយកម្លាំងប្រជាការពារ កម្លាំងសហគមន៍ ចុះបង្ក្រាបបទល្មើសនេសាទនៅចំណុច មេទឹកដីក្រហម ខ្លាក្រាប មេទឹកសាមគ្គី ក្រោយភូមិសាស្រ្តភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។ កម្លាំងសរុបចំនួន ០៦នាក់ មធ្យោបាយបាឡាស្មាច់ ២គ្រឿង អាវុធមួយដើម ។
ជាលទ្ធផលដកហូតបាន ៖ លបលូសាច់អួន ចំនួន១៥លប របាំងសាច់អួន ប្រវែង ៦០០ម៉ែត្រ បង្គោល ២០០ដើម លែងកូនត្រីចម្រុះចូលក្នុងបឹងវិញចំនួន១២០គីឡូក្រាម ។
គួរជម្រាបដែរថា ចំពោះឧបករណ៍ និងសម្ភារៈដកហូតត្រូវបានកម្ទេចចោលនៅនឹងកន្លែងតែម្តង៕
ដោយ៖សហការី