ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយក​«ក.ប.ប.»​ អញ្ជើញចូលរួម​ក្នុងកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការប្រកួតប្រជែង​កម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក​នៃអគ្គនាយកដ្ឋានការពារអ្នកប្រើបា្រស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ជាសមាជិក គ.ប.ក. និងជាប្រធានលេខាធិការដ្ឋាន នៃ គ.ប.ក. នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចូលរួម​ក្នុងកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការប្រកួតប្រជែង​កម្ពុជា «គ.ប.ក.» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធាន​គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា។ 

នៅក្នុងកិច្ចប្រជុំនេះ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន​ការពារអ្នកប្រើបា្រស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការ​ក្លែងបន្លំ «ក.ប.ប.» ជាសមាជិក គ.ប.ក. និងជាប្រធាន​លេខាធិការដ្ឋាន នៃ គ.ប.ក. បានធ្វើការរាយការណ៍​អំពីវឌ្ឍនភាពការងារ ការកសាងសមត្ថភាព​ដល់មន្រ្តីអនុវត្តច្បាប់ កិច្ចសហប្រតិបត្តិការជាមួយស្ថាប័ន​ប្រកួតប្រជែងអន្តរជាតិ ដំណើរការនៃការតាក់តែងបទប្បញ្ញត្តិ ដែលបានដាក់ក្នុងរបៀបវាៈសម្រាប់កិច្ចប្រជុំលើកទី២នេះ និងទិសដៅការងារបន្ត។

របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន៖ 

(១) សេចក្តីព្រាងផែនការសកម្មភាពរបស់គណៈកម្មាធិការ​ប្រកួតប្រជែងកម្ពុជា «គ.ប.ក.» ឆ្នាំ២០២២-២០២៧។ 

(២) សេចក្តីព្រាងប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការ​ត្រួតពិនិត្យនិងការស៊ើបអង្កេត ក្រោមច្បាប់ស្តីពី​ការប្រកួតប្រជែង ។ 

(៣) សេចក្តីព្រាងប្រកាសស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការ​ដោះស្រាយតាមការចរចាចំពោះបទល្មើស ក្រោមច្បាប់ស្តីពីការ​ប្រកួតប្រជែង៕

ដោយ​៖សហការី​


ចែករំលែក៖