ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន ៖ លោក វេង សាខុន នឹងត្រូវបាន តែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានថ្លែងបញ្ជាក់ថា នៅថ្ងៃនេះ សម្ដេចបានថ្វាយលិខិតជូនព្រះមហាក្សត្រដើម្បីតែងតាំងលោក វេង សាខុន ធ្វើជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ទាប់ពីត្រូវបានដកតំណែងពីរដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ សម្ដេចតេជោ ហ៊ុន សែន ថាសម្ដេចមិនបោះបងអ្នកណាទេក៏ប៉ុន្តែត្រូវការអ្នកទទួលខុសត្រូវលើវិស័យនេះដើម្បីជំរុញវិស័យកសិកម្មឲ្យរីកចម្រើន។

លោក វេង សាខុន ត្រូវបានព្រះមហាក្សត្រដកតំណែងពីរដ្ឋមន្ត្រីកសិកម្មកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។

សូមបញ្ជាក់ថា, រាជរដ្ឋាភិបាលស្នើ សម្តេចប្រធានរដ្ឋសភា មេត្តាអនុញ្ញាតរៀបចំការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តរបស់រដ្ឋសភា លើការ បំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះបើយោងតាមរាជរដ្ឋាភិបាលចេញលិខិតលេខ ៩៩០ លស ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ដោយសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា 

សូមគោរពជូន សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចប្រធានរដ្ឋសភាជាទីគោរពដ៏ខ្ពង់ខ្ពស់ ! 

យោងតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ព្រមទាំងព្រះរាជក្រឹត្យលេខ នស/កត/០៨១៨/៨៦២ ចុះថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៨ ស្ដីពីការចាត់តាំងនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដោយយោងតាម តម្រូវការចាំបាច់របស់រាជរដ្ឋាភិបាល ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមស្នើ សម្តេចប្រធានរដ្ឋសភា មេត្តាអនុញ្ញាតរៀបចំការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តរបស់រដ្ឋសភា លើការ បំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៕

ដោយ : សិលា


ចែករំលែក៖