ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានណែនាំទៅកាន់សមាជិក សមាជិកា គណៈកម្មការធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា ជាពិសេសសមាជិកទទួលបន្ទុកខេត្តដែលរងហានិភ័យនៃគ្រោះទឹកជំនន់ ធ្វើការណែនាំសមាជិក សមាជិការបស់ខ្លួនឱ្យតាមដាន និងយកចិត្តទុកដាក់ខ្ពស់ចំពោះសមាជិក សមាជិកា ណាដែលទទួលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ និងជាពិសេស ត្រៀមខ្លួនចូលរួមជាមួយអាជ្ញាធរដើម្បីជួយសម្របសម្រួល និងសង្គ្រោះប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីព្រោះទឹកជំនន់តាមគ្រប់មធ្យោបាយចាំបាច់។#ចេះជួយគ្នាក្នុងគ្រាលំបាក។
ដោយសង្កេតឃើញស្ថានភាពជំនន់ទឹកភ្លៀងបាន និងកំពុងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ ជីវភាព និងអាចបង្កហានិភ័យជាយថាហេតុដល់ប្រជាពលរដ្ឋ គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា សូមណែនាំដល់គណៈកម្មាធិការ និងក្រុមការងារ ស.ស.យ.ក. គ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈកម្មាធិការ ស.ស.យ.ក. រាជធានី ខេត្ត ដែលកំពុងជួបប្រទះនូវគ្រោះទឹកជំនន់ទឹកភ្លៀង សូមបង្កើនស្មារតី និងត្រៀមលក្ខណៈ ដូចខាងក្រោម៖
១. ត្រូវផ្សារភ្ជាប់ និងនៅជិតស្និទជានិច្ចជាមួយប្រជាពលរដ្ឋ ជាពិសេសចូលរួមចំណែកតាមលទ្ធភាពក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារទឹកជំនន់
២. ស.ស.យ.ក. គ្រប់លំដាប់ថ្នាក់ត្រូវពិនិត្យលទ្ធភាពចូលរួមជាមួយរាជរដ្ឋាភិបាល ឬសហការជាមួយដៃគូក្នុងការ រៃអង្គាសថវិកា សម្ភារៈផ្សេងៗ ឬចូលរួមចំណែកជាកម្លាំងពលកម្មតាមលទ្ធភាពរបស់ខ្លួន ដើម្បីជួយសង្គ្រោះ ប្រជាពលរដ្ឋដែលបាន និងកំពុងទទួលរងគ្រោះដោយសារទឹកជំនន់
៣. គណៈកម្មាធិការ ស.ស.យ.ក. រាជធានី-ខេត្ត ត្រូវចូលរួមជាមួយអាជ្ញាធរមូលដ្ឋានចាត់វិធានការ និងផ្សព្វផ្សាយ ព័ត៌មានអំពីស្ថានភាពគ្រោះទឹកជំនន់ មធ្យោបាយក្នុងការបង្ការហានិភ័យនានា ដល់ប្រជាពលរដ្ឋនៅតាមទីតាំង ដែលបានរងគ្រោះ ឬអាចប្រឈមនឹងគ្រោះទឹកជំនន់ ដើម្បីបង្កើនស្មារតីប្រុងប្រយ័ត្នក្នុងការការពារខ្លួន និងជៀសវាងពីគ្រោះថ្នាក់ជាយថាហេតុណាមួយដែលអាចប៉ះពាល់ដល់សុវត្ថិភាព ទ្រព្យសម្បត្តិ និងអាយុជីវិត
៤. គណៈកម្មាធិការ ស.ស.យ.ក. រាជធានី-ខេត្ត ត្រូវតាមដានពីស្ថានភាពទឹកជំនន់នៅតាមមូលដ្ឋានរបស់ខ្លួន និង រាយការណ៍ជាប្រចាំពីស្ថានភាពស្តីពីផលប៉ះពាល់ជូនគណៈកម្មាធិការកណ្តាល ស.ស.យក. ដើម្បីវាយតម្លៃពី ស្ថានភាព និងពិនិត្យលទ្ធភាពចូលរួមចំណែកក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋតាមការជាក់ស្តែង។
អាស្រ័យហេតុនេះ សូម គណៈកម្មាធិការ និងក្រុមការងារ ស.ស.យ.ក. ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់អនុវត្ត តាមសេចក្ដីណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីចូលរួមជាមួយប្រជាពលរដ្ឋក្នុងដំណាក់កាលលំបាកដែល បណ្តាលមកពីគ្រោះធម្មជាតិ ៕
ដោយ : សិលា