ភ្នំពេញ ៖ សូមផ្ញើសារសម្តែងនូវការអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំ ពីតុលាការយុត្តិធម៌ទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងសំណុំរឿងបរិហាកេរ្តិ៍ ប្តឹងទណ្ឌិត សម រង្ស៉ី។
ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ហ៊ុនសែន
លិខិតអបអរសាទរ
សូមគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់!
យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃ ក្រុមមេធាវីរាជរដ្ឋាភិបាល និង ក្រុមមេធាវី ស្ម័គ្រចិត្តសម្តេចតេជោសែន សូមសម្ដែងនូវអំណរសាទរ និងសេចក្តីរំភើបរីករាយ ប្រកបដោយមោទកភាព ក្នុងឱកាសដែលតុលាការប្រទេសបារាំង សភាទី១៧ នៃតុលាការយុត្តិធម៌ទីក្រុងប៉ារីស បានបញ្ជាក់ក្នុងសំអាងហេតុ នៃសាលក្រម នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ផ្តល់យុត្តិធម៌ និងភាពស្អាតស្អំជូន សម្តេចតេជោ ជាទីគោរព ដ៏ខ្ពង់ខ្ពស់ និងរកឃើញការពិតថា សម រង្សី បានប្រព្រឹត្តអំពើបរិហារកេរ្តិ៍ចំពោះ សម្ដេចតេជោ។
សាលក្រមរបស់តុលាការបារាំងនេះ បានបង្ហាញនូវភាពជោគជ័យរបស់ សម្តេចតេជោ ដែលទទួល បានការសម្រេចមួយសមស្របតាមបំណងប្រាថ្នារបស់ សម្ដេចតេជោ ដែលចង់បាននូវយុត្តិធម៌ និងភាព ស្អាតស្អំនេះ និងទាត់ចោលការថ្លែងមូលបង្កាច់របស់ជនជាប់ចោទ សម រង្ស៊ី។ ចំពោះបុគ្គល សម រង្ស៊ី វិញ ត្រូវ រងភាពបរាជ័យយ៉ាងធ្ងន់ធ្ងរ ដោយតុលាការបានបញ្ជាក់ថា ពាក្យពេចន៍របស់ខ្លួន គឺជាការចោទប្រកាន់ដោយ គ្មានភស្តុតាង និងជាការបរិហាកេរ្តិ៍ ហើយត្រូវបង់ខាតចំពោះរាល់ការចំណាយទាំងអស់។
យើងខ្ញុំសូមលើកហត្ថប្រណម្យ ឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក បុណ្យបារមីគ្រប់ទិសទី ព្រមទាំង ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយការពារ ថែរក្សា និងប្រោះព្រំនូវសព្ទសាធុការពរជ័យ ជូន សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី របស់ សម្តេចទាំងទ្វ សូមមានសុខភាពល្អបរិបូរណ៏ កម្លាំងកាយចិត្តមាំមួន ជន្មាយុយឺនយូរ សុភមង្គល វិបុលសុខ សិរីសួស្ដី ជ័យមង្គល គ្រប់ប្រការ និងបានប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវអភិវន្ទនកិច្ច ភក្តីភាពឥតងាករេ កតញ្ញូកតវេទិតាធម៌ និងគារវកិច្ច ដ៏ខ្ពង់ខ្ពស់បំផុត អំពីយើងខ្ញុំ ៕
ដោយ : សុខ ខេមរា