ភ្នំពេញ ៖ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុនសែន ស្វាគមន៍សាលក្រមរបស់តុលាការព្រហ្មទណ្ឌបារាំង ដែលបានផ្តល់ យុត្តិធម៌ និងភាពស្អាតស្អំជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី និងរកឃើញការពិតថា សម រង្ស៊ី បានប្រព្រឹត្តអំពើ បរិហារកេរ្ដិ៍ប្រាកដមែន។ ការផ្តល់យុត្តិធម៌ និងបញ្ជាក់អំពីភាពស្អាតស្អំជូន សម្តេចតេជោ ជាជោគជ័យសមស្រប តាមបំណងប្រាថ្នាចង់បានបំផុត របស់ សម្តេចតេជោ ដែលជាដើមបណ្តឹងរដ្ឋប្បវេណី។
ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ហ៊ុនសែន កត់សម្គាល់ឃើញថា នៅក្នុងសំអាងហេតុនៃសាលក្រមរបស់ខ្លួន តុលាការ បារាំងបានគូសបញ្ជាក់ថា ការចោទប្រកាន់របស់ សម រង្ស៊ី ចំពោះ សម្តេចគេជោ ពាក់ព័ន្ធនឹងការធ្លាក់ឧទ្ធម្ភាគចក្រ ដែលមានឯកឧត្ដម ហុក ឡងឌី ជាជនរងគ្រោះ ជាការថ្លែងដោយពុំមានភស្តុតាង ឬឯកសារបញ្ជាក់ច្បាស់លាស់ ដែលអាច ឱ្យតុលាការជឿជាក់បាននោះឡើយ។ ការពោលចោទប្រកាន់គ្មានមូលដ្ឋានរបស់ សម រង្ស៊ី ត្រូវបានតុលាការកំណត់ថាជា ការបរិហារកេរ្តិ៍ចំពោះ សម្តេចតជោហើយដែលសូម្បីតែជនជាប់ចោទ សម រង្ស៊ី ខ្លួនឯង ក៏មិនបានបដិសេធនោះទេ។
ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុនសែន សង្កេតឃើញថា នៅក្នុងសំអាងហេតុដដែលនោះ តុលាការបារាំងបាន ពិចារណាលើគោលការណ៍សមាមាត្រនៃការបញ្ចេញមតិ ក៏ប៉ុន្តែតុលាការនៅតែកំណត់ថា សម រង្ស៊ី ពិតជាបានថ្លែងចោទ ប្រកាន់ទម្លាក់កំហុសដោយមិនត្រឹមត្រូវ ចំពោះ សម្តេចតេជោ យ៉ាងពិតប្រាកដ។ តុលាការបានថ្លឹងថ្លែងថា ប្រសិនបើ ធ្វើការចោទប្រកាន់ខាងព្រហ្មទណ្ឌចំពោះ សម រង្ស៊ី ទំនងជាប៉ះពាល់ដល់វិសមាមាត្រនៃសិទ្ធសេរីភាពក្នុងការបញ្ចេញមតិ រវាងដើមបណ្តឹងជានាយករដ្ឋមន្ត្រីកាន់អំណាច និងជនជាប់ចោទដែលពុំមានអំណាច ដែលសិទ្ធិសេរីភាពនេះត្រូវបានការពារ ដោយសន្ធិសញ្ញាអឺរ៉ុបស្ដីពីសិទ្ធិមនុស្ស។ ដោយមូលហេតុនេះ តុលាការបានអនុគ្រោះឱ្យ សម រង្ស៊ី រួចផុតពីបទចោទ។
ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន សាទរសេចក្ដីសម្រេចរបស់តុលាការបារាំង ដែលបានច្រានចោលការ ទាមទារសំណងរបស់ សម រង្ស៊ី ចំពោះរាល់ការចំណាយលើរឿងក្តីនេះ។ ចំណុចនេះបញ្ជាក់ច្បាស់ថា ថ្វីត្បិតតែ សម រង្ស៊ី ត្រូវបានតុលាការអនុគ្រោះទោស ក៏ប៉ុន្តែ សម រង្ស៊ី ត្រូវរងភាពបរាជ័យ ដោយមូលហេតុថា តុលាការបារាំងបានទទួលស្គាល់ថា ពាក្យពេចន៍របស់ សម រង្ស៊ី គឺជាការចោទប្រកាន់ដោយគ្មានភស្តុតាង និងជាការបរិហាកេរ្តិ៍ ហើយ សម រង្ស៊ី ត្រូវបង់ខាត ចំពោះរាល់ការចំណាយទាំងអស់ ៕
ដោយ : សុខ ខេមរា