ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការពារជាតិ ផ្សព្វផ្សាយសៀវភៅ ស ការពារជាតិ ជូននាយទាហាន នាយទាហានរង ពលទាហាន ចំណុះយោធភូមិភាគទី៥

ចែករំលែក៖

ខេត្តបាត់ដំបង៖ យោធភូមិភាគទី៥ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បានផ្សព្វផ្សាយសៀវភៅ ស ការពារជាតិ ជូនថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង ពលទាហានក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ មានការចូលរួមពី មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង នាយទាហាន នាយទាហានរង និង មេបញ្ជាការ តាមបណ្ដាអង្គភាពចំណុះយោធភូមិភាគទី៥។ 

ឧត្តមសេនីយ៍ទោ ស៊ិន សុខា នាយក នាយកដ្ឋាននយោបាយផែនការនៃ អគ្គនាយកដ្ឋាន នយោបាយកិច្ចការបរទេសក្រសួងការពារជាតិ និងជាអនុប្រធានប្រចាំការ ក្រុមការងារសៀវភៅ ស ការពារជាតិ បានធ្វើបទបង្ហាញពីសៀវភៅ ស ការពារជាតិ ជូនដលយោធិន។  

បទបង្ហាញក៏បានរំលេចផងដែរពីគោលបំណងការចងក្រង សៀវភៅ ស ការពារជាតិ សារសំខាន់សៀវភៅ ស ការពារជាតិ ប្រវត្តិនៃសៀវភៅស ការពារជាតិ និងឯកសារយុទ្ធសាស្ត្រការពារជាតិ។

 ឧត្តមសេនីយ៍ឯក ឯក សំអូន ជំនួសមុខឲ្យនាយទាហាន នាយទាហានរង និងពលទាហាន យោធភូមិភាគទី៥ សូមថ្លែងអរគុណ ឧត្តមសេនីយ៍ទោ សុិន សុខា ព្រមទាំងសមាជិកទាំងអស់ ដែលបានអញ្ជើញមកផ្សព្វផ្សាយខ្លឹមសារ សៀវភៅ ស ការពារជាតិ ជូននាយទាហាន ថ្នាក់ដឹកនាំ កងឯកភាព សា្ថប័ន ចំណុះយោធភូមិភាគទី៥ នាពេលនេះ ដែលជាត្រីវិស័យ និងជាគោលនយោបាយ យុទ្ធសាស្ត្រវិស័យការពារជាតិ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា គោលបំណងនៃការផ្សព្វផ្សាយនេះដើម្បីឆ្លុះបញ្ចាំងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍន៍វិស័យការពារជាតិ សិក្សាស្វែងយល់ និងពង្រឹងការយល់ដឹងលើវិស័យការពារជាតិ បង្ហាញតម្លាភាពនៃគោលនយោបាយការពារជាតិ ដល់មជ្ឃដ្ឋានជាតិ និងអន្តរជាតិ។

ឧត្តមសេនីយ៍ឯក ឯក សំអូន បានបញ្ជាក់ថា សៀវភៅ ស ការពារជាតិ មានសារសំខាន់ណាស់ ជាមគ្គុទេសសម្រាប់ព្រះរាជាណាចក្រកម្ពុជា លើវិស័យការពារជាតិ និងជាឯកសារគោលសម្រាប់ការធ្វើកំណែទម្រង់ និងទំនើបកម្មកងយោធពលខេមរភូមិន្ទ រៀបចំផែនការយុទ្ធសាស្ត្រ នៃអង្គភាពនីមួយៗ។

ឧត្តមសេនីយ៍ឯក ឯក សំអូន សង្ឃឹមយ៉ាងមុតមាំថា ក្រោយទទួលបានការផ្សព្វផ្សាយ សៀវភៅ ស ការពារជាតិនេះ គ្រប់បណ្តាអង្គភាពចំណុះយោធភូមិភាគទី៥ និងយល់កាន់តែច្បាស់ពីតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលលើវិស័យការពារជាតិ ដើម្បីអនុវត្តបានត្រឹមត្រូវឈានឆ្ពោះទៅធ្វើទំនើបកម្ម កងយោធពលខេមរភូមិន្ទ៕

ដោយ​៖សហការី​


ចែករំលែក៖