ខេត្តឧត្តរមានជ័យ៖ លោកឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បានបន្តដាក់ចេញនូវបទបញ្ជា របស់ថ្នាក់លើដល់បណ្តាកងឯកភាពចំណុះទាំងអស់ ត្រូវបន្តយកចិត្ដទុកដាក់ក្នុងការងារចេញល្បាត ត្រួតពិនិត្យភូមិសាស្រ្ត ត្រួតពិនិត្យបង្គោលសីមា គ្រប់ចំណុចគោលដៅ ដែលបានកំណត់ទុក លើខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ដើម្បីតាមដានសភាពការណ៍ និងទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ឬបទល្មើសផ្សេងៗ។
លោកមេបញ្ជាការ បានជំរុញឱ្យគ្រប់បណ្តាកងល្បាតទាំងអស់ត្រូវបង្កើនការដើរល្បាតអោយបានជាប់ជា ប្រចាំ និង បន្ថែមកំលាំងគ្រុបចំណុចទោះបីមានភ្លៀងធ្លាក់ជោគជាំយ៉ាងណាក៏ដោយ និងធ្វើការត្រួសត្រាយសំអាតផ្លូវចល័តតាមខ្សែបន្ទាត់ព្រំដែនអោយបានស្អាតល្អដើម្បីងាយស្រួលក្នុងការដើរល្បាតផងដែរ។
លោកមេបញ្ជាការ ក៏បានផ្ដាំផ្ញើដល់កងកម្លាំទាំងអស់ត្រូវតែមានការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនចាញ់ និងថែទាំសុខភាពទាំងអស់គ្នា៕
ដោយ៖សហការី