ភ្នំពេញ៖ អគ្គិសនីកម្ពុជា នៅរសៀលថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ។
អគ្គិសនីកម្ពុជា បានគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ប៉ុន្តែទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។
សូមជម្រាបជូនថា អគ្គិសនីកម្ពុជា នៅថ្ងៃទី១២ ខែតុលានេះដែរ ក៏សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី ៥(GS5-F8) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការកែសម្រួលខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១) សង្កាត់ក្រាំងធ្នង់ សង្កាត់ភ្នំពេញថ្មី សង្កាត់ទឹកថ្លា និងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ (២) សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ដូច្នេះអតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕
ដោយ៖សហការី