ភ្នំពេញ ៖ សុន្ទរកថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចកកម្ពុជា ថ្លែងក្នុងពិធីបើក កិច្ចប្រជុំកំពូលស្ត្រីអាស៊ាន លើកទី ២ ក្រោមប្រធានបទ “ការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និង កាន់តែរឹងមាំ ៖ បំផុសសហគ្រិនភាពរបស់ស្ត្រីនៅក្នុងអាស៊ាន » រាជធានីភ្នំពេញ, ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២, វេលាម៉ោង ១៤:៣០នាទី ដល់ ១៧:០០នាទី(រយៈពេល ៥ នាទី)
ឯកឧត្តម, លោកជំទាវថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន និងប្រទេសដៃគូ;
ឯកឧត្តមអគ្គលេខាធិការអាស៊ាន;
ឯកឧត្តម, លោកជំទាវលោក, លោកស្រី!
ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែង ដោយបានទទួលស្វាគមន៍ ឯកឧត្តម, លោកជំទាវ, លោក, លោកសី្រ និង ភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំ កំពូលស្ត្រីអាស៊ាន លើកទី ២ ដោយផ្ទាល់ផង និង តាមរយៈប្រព័ន្ធវីដេអូ ផង ។
ខ្ញុំសូមរំលឹកថា, កិច្ចប្រជុំកំពូលស្រ្តីអាស៊ាន លើកទី ១ ត្រូវបានរៀបចំឡើងកាលពីឆ្នាំ ២០២០ ប្រកបដោយភាពជោគជ័យ ដោយថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន បានទទួលស្គាល់ និង ឱ្យតម្លៃ ខ្ពស់ចំពោះការដាក់បញ្ចូលការលើកកម្ពស់តួនាទីរបស់ស្រ្តី ទៅក្នុងចំណុចស្នូល នៃកិច្ចខំប្រឹងប្រែង សម្រាប់ការស្ដារសង្គម-សេដ្ឋកិច្ចពីវិបត្តិនៃជំងឺកូវីដ-១៩ ប្រកបដោយចីរភាព និង ភាពគ្រប់ជ្រុង ជ្រោយ ។ ទន្ទឹមគ្នានេះ, ក៏មានការទទួលស្គាល់ និង ការពិភាក្សាអំពីអាទិភាពនានា ជុំវិញការពង្រឹង តួនាទីរបស់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ច, ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និង ឌីជីថល, ការឆ្លើយ តបទៅនឹងកិច្ចគាំពារសង្គម, ការថែទាំគ្រួសារ និង ប្រាក់ឈ្នួលទាប, ព្រមទាំងការវិនិយោគលើហេដ្ឋ រចនាសម្ព័ន្ធសាធារណៈ និងសង្គម ដើម្បីឆ្លើយតបនឹងសមភាពយេនឌ័រ និងសុខុមាលភាពរបស់ស្ត្រី ។
ឈរលើសមិទ្ធផលដ៏ប្រពៃនេះ, កម្ពុជាពិតជាមានកិត្តិយស ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ច ប្រជុំកំពូលស្ត្រីអាស៊ាន លើកទី ២ នាពេលនេះ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ ។ កម្ពុជា បាន កំណត់ប្រធានបទ «ការកសាងអនាគត ប្រកបដោយចីរភាព បរិយាបន្ន និង កាន់តែរឹងមាំ ៖ បំផុស សហគ្រិនភាពរបស់ស្ត្រីនៅក្នុងអាស៊ាន» ដើម្បីជំរុញកិច្ចសហការ និង ការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើក កម្ពស់សហគ្រិនភាពរបស់ស្ត្រី ឱ្យក្លាយជាកម្លាំងចលករគន្លឹះប្រកបដោយចីរភាព និងកាន់តែរឹងមាំក្នុង ការស្តារ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឡើងវិញ ឆ្ពោះទៅរកការកសាងអនាគត និងវិបុលភាពរួមមួយ ។
ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
អាស៊ាន គឺជាតំបន់ ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ និង ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេសដោយសារការចូលរួមដ៏សកម្មរបស់ស្ត្រី ។ សេដ្ឋកិច្ចនៃបណ្ដាប្រទេសក្នុងអាស៊ាន ពឹងផ្អែកខ្លាំង លើសហគ្រាសធុនមីក្រូ, តូច និង មធ្យម ដែលដឹកនាំដោយស្ត្រី ។ ជាក់ស្ដែង, កម្ពុជាមានសហគ្រាស ធុនមីក្រូ, តូច និង មធ្យម រហូតដល់ទៅ ៩៨% នៃចំនួនសហគ្រាសសរុប ដែលបានចូលរួមចំណែក ដល់សេដ្ឋកិច្ចជាតិ ប្រមាណ ៥៨% និង បានផ្តល់ការងារប្រមាណ ៧៣% នៃការងារសរុប ។ ក្នុងនោះ ស្ត្រី គឺជាអ្នកបង្កើត និង គ្រប់គ្រងប្រមាណ ៦១% នៃចំនួនសរុប នៃសហគ្រាសធុនមីក្រូ, តូច និង មធ្យម ។ ការណ៍នេះ បានធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជា កំណត់ និង ជំរុញការលើកតម្កើង ស្រ្តីជាឆ្អឹងខ្នង នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនការវិនិយោគលើសមភាពយេនឌ័រ និង ការលើក កម្ពស់តួនាទីរបស់ស្ត្រី នៅក្នុងកិច្ចអភិវឌ្ឍនៅគ្រប់វិស័យ និង គ្រប់កម្រិត ។
ក្នុងក្របខណ្ឌអាស៊ាន ទាំងបច្ចុប្បន្ន និង ទៅអនាគត, ស្ត្រី នឹងបន្តដើរតួនាទីជាតួអង្គដ៏សំខាន់ ជាពិសេសក្នុងការស្ដារ និង ជំរុញកំណើនសេដ្ឋកិច្ចអាស៊ានឡើងវិញ ប្រកបដោយចីរភាព បរិយាបន្ន និង ភាពរឹងមាំ ។ ការណ៍នេះ ទាមទារឱ្យមានការរួមសាមគ្គី និងសហការគ្នាបង្កើតប្រព័ន្ធអេកូឡូស៊ី ដែលអំណោយផលដល់ការរីកលូតលាស់របស់សហគ្រិនស្ត្រី និងការចូលរួមសហការដោះស្រាយ បញ្ហាប្រឈមផ្សេងៗ ។ ជាក់ស្តែង, សហគ្រិនភាពរបស់ស្ត្រីនៅក្នុងតំបន់អាស៊ាន បាន និង កំពុង ប្រឈមនឹងឧបសគ្គជាច្រើន ក្នុងការអភិវឌ្ឍ និងការគ្រប់គ្រងសហគ្រាស ជាពិសេសនៅតាមតំបន់ទី ជនបទ ។ ម្យ៉ាងវិញទៀត, ស្ត្រីភាគច្រើន ចាប់ផ្តើមដំណើរការអាជីវកម្មនៅកម្រិតមីក្រូ, កម្រិតតូចៗ និងស្ថិតនៅក្រៅប្រព័ន្ធ ដោយភាគច្រើនលើសលប់មិនទាន់បានចុះបញ្ជីអាជីវកម្មផ្លូវការនៅឡើយ ដែលអាចបង្កឱ្យមានការលំបាកដល់រដ្ឋាភិបាល ក្នុងការកំណត់ និងផ្តល់ការគាំទ្រតាមការចាំបាច់ ។
៊ដើម្បីដោះស្រាយនូវបញ្ហាប្រឈមខាងលើ ក៏ដូចជាបំផុសសក្តានុពលសហគ្រិនស្ត្រី និងបង្ក ភាពងាយស្រួលក្នុងការចាប់យកនូវកាលានុវត្តភាព និងសក្តានុពលថ្មីៗនានា យើងគួរពិនិត្យ និង ផ្ដល់ ការយកចិត្តទុកដាក់លើកិច្ចការមួយចំនួន ដូចខាងក្រោម៖
ទី១ រៀបចំប្រព័ន្ធអេកូឡូស៊ី (Ecosystem) ដែលឆ្លើយតបទៅនឹងតម្រូវការរបស់សហ គ្រាសធុន មីក្រូ តូច និង មធ្យម និង សហគ្រិនស្ត្រី រួមទាំងការកែលម្អនូវក្របខណ្ឌគតិយុត្ត និង ផ្នត់ គំនិតសង្គមដែលរារាំងដល់សក្តានុពលរបស់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ច ។
ទី២. ផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស តាមរយៈកម្មវិធីលើកកម្ពស់ ជំនាញ (Upskilling) និង បណ្ដុះបណ្តាលជំនាញថ្មី (Re-skilling) ដល់ស្រ្តី និង ក្មេងស្រី រួមទាំង កម្មវិធីអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា (STEM) ។
ទី៣. លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និង ឌីជីថល សម្រាប់ស្ត្រី និង ក្មេងស្រី តាមរយៈការផ្ដល់ នូវចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថល (Financial and Digital Literacy) និងការសម្រួលលទ្ធភាព ទទួលឥណទាន ទីផ្សារ និង ព័ត៌មាន ក្នុងការចាប់ផ្ដើម និង អភិវឌ្ឍអាជីវកម្ម ។
ទី៤. ពង្រីកវិសាលភាពគ្របដណ្តប់នៃប្រព័ន្ធគាំពារសង្គម, វិធានការគោលនយោបាយ នានាផ្នែកគាំពារសុខុមាភាពគ្រួសារ និង ការឆ្លើយតបលើការងារថែទាំគ្រួសារ និង ការងារផ្ទះរបស់ ស្ត្រី ព្រមទាំងការវិនិយោគសាធារណៈលើវិស័យសេវាថែទាំ និង សុខុមាលភាពសង្គម។
ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
កិច្ចប្រជុំកំពូលស្រ្តីអាស៊ាន លើកទី ២ ដែលមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំកំពូល នៃបណ្តាប្រទេសអាស៊ាន និង ប្រទេសជាដៃគូ គឺជាសក្ខីភាព ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្ត ដ៏មុតមាំ ក្នុងការរួមសាមគ្គី និង សហការគ្នាលើកកម្ពស់សហគ្រិនភាពរបស់ស្ត្រី ។ ជាក់ស្តែង, នៅក្នុង កិច្ចប្រជុំនាថ្ងៃនេះ, យើងនឹងពិភាក្សា និងផ្តល់យោបល់លើការរៀបចំ សេចក្តីថ្លែងការណ៍ ស្តីពីការ កសាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និង កាន់តែរឹងមាំ ៖ បំផុសសហគ្រិនភាពរបស់ស្ត្រីនៅក្នុង អាស៊ាន។ ខ្ញុំសង្ឃឹមថា ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន និង ប្រទេសជាដៃគូ ទាំងអស់ នឹងផ្តល់ ការគាំទ្រដល់សេចក្តីថ្លែងការណ៍នេះ ។
ជាកិច្ចបញ្ចប់, ខ្ញុំសូមជូនពរឱ្យកិច្ចប្រជុំកំពូលនេះ ដំណើរការទៅដោយរលូន និងសូមជូនពរ ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី និង ភ្ញៀវកិត្តិយសទាំងអស់ ប្រកបដោយសុខភាពល្អ និង សម្រេចជោគជ័យគ្រប់ភារកិច្ច ។
ខ្ញុំសូមប្រកាសបើកជាផ្លូវការនូវ កិច្ចប្រជុំកំពូលស្ត្រីអាស៊ាន លើកទី ២ ចាប់ពីពេលនេះតទៅ ៕
ដោយ : សុខ ខេមរា