ខេត្តស្វាយរៀង៖ លោកស្រី ហុឹម ម៉ាលី សមាជិកក្រុមការងារថ្នាក់កណ្ដាលចុះជួយ ឃុំសង្កែ ស្រុករំដួល នៅព្រឹកថ្ងៃទី១២ខែតុលាឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារប្រគល់ថវិកាទិញអំពូលភ្លើងចំនួន៣០អំពូលស្មើនឹងថវិកា២.២៥០ដុល្លារជូនដល់រដ្ឋបាលស្រុករំដួលដើម្បីដាក់បំភ្លឺផ្លូវនៅទីប្រជុំជនផ្សារកំពង់ចក។
ក្នុងឱកាសនោះលោកហែម សុីណា អភិបាលស្រុករំដួលបានឱ្យដឹងថា ចាប់ផ្តើមដំបូងលើការអភិវឌ្ឍដែលលោកទើបតែមកកាន់តំណែងជាអភិបាលស្រុកបានរយៈពេលជិតមួយខែនេះ ភ្លើងបំភ្លឺផ្លូវសាធារណៈគ្រប់ផ្លូវទាំងអស់ក្នុងទីប្រជុំជនស្រុករំដួលនឹងមានភ្លើងបំភ្លឺផ្លូវដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរនៅពេលយប់ក៏ដូចជាសោភណភាពទីប្រជុំជននៅស្រុករំដួលឱ្យមានភាពល្អប្រសើរតាមរយៈការជួយគាំទ្រពីសប្បុរសជនជិតឆ្ងាយ។
លោកក៏បានថ្លែងអំណរគុណដល់លោកស្រីហុឹម ម៉ាលី ដែលជាសមាជិកក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំសង្កែបានឧបត្ថម្ភនូវអំពូលភ្លើងចំនួន៣០អំពូលក្នុងការដាក់ភ្លើងបំភ្លឺតាមផ្លូវនៃទីប្រជុំជនផ្សារកំពង់ចក ហើយក្រុមការងារបច្ចេកទេសជំនាញនឹងរៀបចំបំពាក់អំពូលភ្លើងនាពេលខាងមុខនេះឱ្យមានភាពទាក់ទាញ និងស្រស់បំព្រង ហើយប្រជាពលរដ្ឋក៏អាចប្រកបមុខរបររកស៊ី និងធ្វើដំណើរនាពេលយប់បាន ដោយគ្មានការភ័យខ្លាច។
លោក ហែម សុីណា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមចូលរួមជួយឧបត្ថម្ភគាំទ្រការដាក់ភ្លើងបំភ្លឺផ្លូវសាធារណៈនៅទីប្រជុំជនស្រុករំដួល ហើយសូមចូលរួមថែរក្សាសមិទ្ធផលទាំងនេះ ដើម្បីជាប្រយោជន៍រួមឱ្យបានយូរអង្វែង៕
ដោយ ៖ សុថាន