ខេត្តបាត់ដំបង ៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះថា៖ មានករណីមនុស្សលង់ទឹកស្លាប់ចំនួន ០១ករណី ជនរងគ្រោះឈ្មោះ ទិត្យ សម្បត្តិ ហៅ ដា ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅក្រុមទី២០ ភូមិព្រែកស្នោ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី១១ ខែតុលាម្សិលមិញនេះ ត្រង់ចំណុចសំណង់ស្ទាក់ទឹកអូរតាវ៉នក្រុមទី១ ភូមិអូរកំបុត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក ឡុង យោធាវីរ: អធិការនគរបាលស្រុកឯកភ្នំ បានឲ្យកម្លាំងសមត្ថកិច្ច ចុះពិនិត្យទីកន្លែងកើតហេតុ និងសាកសព ព្រមទាំងសាកសួរបំភ្លឺសាក្សីជុំវិញកន្លែងកើតហេតុ ក្រុមការងារបាន ធ្វើការសន្និដ្ឋានបានថា សាកសពឈ្មោះ ទិត្យ សម្បត្តិ នេះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ក្រោមមូលហេតុផឹកស្រាស្រវឹងធ្លាក់ទឹកអូរបណ្ដាលឲ្យលង់ទឹកស្លាប់។
បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖សហការី