ខេត្តសៀមរាប ៖ បុរសម្នាក់ខណៈដែលកំពុងដើរដាក់បង្កៃតាមមាត់ប្រឡាយ ស្រាប់តែមានសត្វក្រពើមិនដឹងរួចពីណាបានហក់ខាំបណ្តាលឲ្យរងរបួសជើង ។
ហេតុការណ៍ខាងលើនេះកើតឡើង វេលាម៉ោង១យប់ឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២២ នៅអូរចំណុចស្ពានខ្នាត ក្នុង ស្រុកជីក្រែង ខេត្តសៀមរាប ។
ជនរងគ្រោះឈ្មោះ ជួន សំណាង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិ ឃុំខាងលើ រងរបួសជើង ។
យោងតាមប្រភពពីប្រជាពលរដ្ឋនៅយប់រំលងអធ្រាត្រចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ជនរងគ្រោះបានដើរទៅមើលបង្កៃ និងដាក់បង្កៃ ត្រង់ចំណុចអូរស្ពានខ្នាតក្នុងភូមិច្រាំងខ្ពស់ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ខណៈដែលកំពុងដើរតាមមាត់ទឹក ស្រាប់តែមានសត្វក្រពើមួយក្បាលទម្ងន់៤០គីឡូក្រាម ហក់ឡើងពីទឹកខាំចំជើង បណ្តាលឲ្យរងរបួស ភ្លាមៗ ជនរងគ្រោះដែលមានកាំបិតសៀតនៅចង្កេះស្រាប់ តាមកាប់ ចាប់យកសត្វក្រពើមួយក្បាលនោះបាន អូសយកទៅផ្ទះទាំងយប់។
ព្រឹកឡើងទើបផ្អើលប្រជាពលរដ្ឋ អ្នកភូមិ ចោមរោមមើល ដោយមិននឹកស្មានដល់ ក្នុងទឹកប្រឡាយ នៅក្នុងភូមិរបស់ពួកគាត់មិនដឹងថាសត្វក្រពើរួចពីណាមក ៕
ដោយ៖ សូរិយា