ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញខណ្ឌដូនពេញឃាត់ខ្លួនយកមកសាកសួរដេីម្បីចាត់ការតាមច្បាប់ ក្រោយធ្វើសកម្មភាពឆក់យកទូរស័ព្ទប្រជាពលរដ្ឋតាមដងផ្លូវបានសម្រេច។ នេះបេីយោងតាមការបញ្ជាក់ពីលោក ទៀង ច័ន្ទសា អធិការនគរបាលខណ្ឌដូនពេញដែលបានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៣ ខែតុលា ឆ្នាំ២០២២នេះ។
ករណី ”លួចមានស្ថានទម្ងន់ទោស” ឆក់ទូរស័ព្ទខាងលេីនេះ បានកេីតឡេីងនៅវេលាម៉ោង២២និង៤៥នាទីយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅចំណុចភូមិ០៨ ផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពដដែលបន្តថា ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់គ្រុបតេឡេក្រាមរបស់មជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិថា មានសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះដែលបានអង្គុយលេងនៅលើបង់សួនច្បារវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន វត្តភ្នំ ភ្លាមៗនោះកម្លាំងជំនាញបានចុះទៅជួយធ្វើអន្តរាគមន៍ដោយឃាត់ខ្លួនជនសង្ស័យឈ្មោះ គឹម ហុង ភេទប្រុស អាយុជាង២០ឆ្នាំ ចំណែកជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនបាត់។
បច្ចុប្បន្នកម្លាំងជំនាញកំពុងប្រើប្រាស់វិធានការជំនាញសាកសួរ បន្តស្រាវជ្រាវរកបក្សពួក និងកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនិតិវិធីច្បាប់៕
ដោយ៖សហការី