ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យបានលេបត្របាក់ផ្ទះទុកចោលមួយកន្លែងក្នុងខណ្ឌកំបូលសល់តែផេះ

ចែករំលែក៖

ភ្នំពេញ ៖ មានករណីគ្រោះអគ្គិភ័យមួយបានឆាបឆេះផ្ទះទុកចោលមួយកន្លែងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាក់ទងទៅសមត្ថកិច្ចចេញរថយន្តមកជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់កាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ទី១៣ ខែតុលា ឆ្នាំ២០២២ ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមសម្ដីរបស់បុរសម្នាក់ដែលរស់នៅជិតខាងបានឱ្យដឹងថា មុនពេលកើតហេតុពេលគាត់កំពុងតែសម្រាកលង់លក់ក្នុងដំណេកស្រាប់តែធុំក្លិនឆ្ងៀម។ ដោយមានការសង្ស័យគាត់ក៏បើកទ្វារចេញមកមើល ស្រាប់តែមានឃើញអណ្ដាតភ្លើងឆាបឆេះនៅផ្ទះទុកចោលខាងក្រោយផ្ទះរបស់គាត់ បង្កជាអគ្គិភ័យឆេះយ៉ាងសន្ធោសន្ធៅដោយមិនដឹងពីមូលហេតុ។ រួចគាត់ក៏បាន រាយការណ៍ទៅកាន់សមត្ថកិច្ចចេញរថយន្តមកពន្លត់អគ្គិភ័យនេះភ្លាមៗ ។

យោងតាមប្រភពពីសមត្ថកិច្ចដែលចូលរួមប្រតិបត្តិការបាញ់ពន្លត់អគ្គិភ័យខាងលើបានឱ្យដឹងថា អគ្គិភ័យនេះបានលេបត្របាក់ផ្ទះទុកចោលអស់ទាំងស្រុង ហើយក្នុងផ្ទះនោះផ្ទុកដោយអីវ៉ាន់អេតចាយជាច្រើន។ សមត្ថកិច្ចានបញ្ជាក់ប្រាប់ថា រថយន្តពន្លត់អគ្គិភ័យដែលមកធ្វើអន្តរាគមន៍នេះគឺមកពីច្រើនស្ថាប័នរួមមាន រថយន្ដពន្លត់អគ្គិភ័យ(ង70 ) មកពីសាលាខណ្ឌកំបូល មកពីបុរីក្ដីសង្ឃឹម  ដោយប្រើប្រាស់ទឹកអស់ជាច្រើនរថយន្ត ទើបអាចគ្រប់គ្រងអគ្គិភ័យនេះបាន១០០% ដោយមិនឱ្យឆ្លងរាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរនោះឡើយ ។ ចំពោះមូលហេតុនៃការឆាបឆេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖