ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋចំនួន១៦០ គ្រួសារ រងគ្រោះដោយសារទឹកជំនន់ទទួលបានស្បៀងពីសម្ដេចតេជោហ៊ុនសែន

ចែករំលែក៖

ខេត្តកំពង់ធំ ៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានលើកឡើងថា សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាតែងតែគិតគូរសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ សម្ដេចតែងតែតាមដានរាល់ព័ត៌មានដែលទាក់ទងទៅ នឹងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន មិនថាខេត្តកំពង់ធំ និងតាមបណ្ដាលខេត្តផ្សេងៗទៀត។

      ការថ្លែងនេះនាឱកាសលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ លោកប៉ែន វណ្ណរិទ្ធប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត  លោក ជូ កូឡា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធបាននាំយកស្បៀងរបស់សម្ដេចតេជោ​ ហ៊ុន សែន ជូនបងប្អូនប្រជាពលរដ្ឋចំនួន១៦០គ្រួសារ មកពីស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។   

       លោកអភិបាលខេត្តកំពង់ធំ បានបញ្ជាឲ្យមន្ត្រីជំនាញពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសទឹកជំនន់នេះតែម្ដងត្រូវតាមដាននៅសភាពការណ៍ទឹកឲ្យបានគ្រប់ជ្រុងជ្រោយដើម្បីងាយស្រួលផ្ដល់ព័ត៌មានទៅកាន់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

      លោកអភិបាលខេត្តធំបានបន្ថែមទៀតថា មិនត្រឹមតែស្បៀងនោះទេ សម្ដេចតេជោហ៊ុន សែនបានគិតគូរនៅគ្រាប់ពូជស្រូវ ត្រៀមរួចជាស្រេចហើយយកមកចែកជូនបងប្អូនប្រជាពលរដ្ឋ នៅពេលទឹកស្រក់ទៅវិញ ដើម្បីបន្តវិស័យកសិកម្មឡើងវិញអោយគ្រប់ៗគ្នា។ 

     ក្នុងនោះដែរលោកអភិបាលខេត្តកំពង់ធំបានលើកឡើងថា ការចោទប្រកាន់របស់លោកសមរង្ស៊ីបានសម្លាប់នាយឧត្តមសេនីយ៍ ហុក ឡុងឌី វាមិនពិតប្រាកដនោះទេ ។ ទាំងអស់នេះគឺជាការបំពុលសង្គម បំពុលបណ្ដាញសង្គមផ្សេងៗ ធ្វើឲ្យប្រជាពលរដ្ឋ មានការយល់ច្រឡំទៅលើសម្ដេចតេជោហ៊ុន សែន ។

      ក្នុងនោះអភិបាលខេត្តកំពង់ធំបានបញ្ជាក់ទៀតថា នៅពេលដែលទឹកស្រក សូមបងប្អូនប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ អាជ្ញាធរក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធនឹងធ្វើការជួសជុលហេដ្ឋារចនាសម្ព័ន្ធឡើងវិញដើម្បីសម្រួលចរាចរណ៍ជញ្ជូនឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ។ 

        នៅក្នុងអភិបាលខេត្តកំពង់ធំ បានលើកឡើងថា ក្នុងឆ្នាំនេះហាក់បីដូចជាគ្មានរដូវប្រាំងសោះ គឺសង្កេតឃើញថាមានភ្លៀងជាប្រចាំ ដូច្នេះហើយធ្វើប៉ះពាល់ដល់ប្រជាពលរដ្ឋ ជាពិសេសខកខានការអភិវឌ្ឍនៅតាមភូមិឃុំស្រុកមួយធំ ឆ្នាំនេះមានកម្ពស់ទឹករហូតដល់ ១.៥ម៉ែត្រ ។

      សូមបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន១៦០គ្រួសារមានលំនៅឋានមកពី ឃុំមានជ័យ និងឃុំងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ក្នុង១គ្រួសារទទួលបាន អង្ករ មីកញ្ចប់ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកសុទ្ធ ៕

ដោយ៖កែវ មន្នី


ចែករំលែក៖