ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឌុបគ្នាបើកជែងមិនប្រយ័ត្នជ្រុលទៅបុកជាមួយរថយន្តស៊េរីទំនើបពេញទំហឹងបណ្ដាលឱ្យរងរបួសធ្ងន់ស្រាលបីនាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសបីនាក់ជិះម៉ូតូឌុបគ្នាហើយបើកវ៉ាជែងមិនប្រយ័ត្នជ្រុលទៅបុកជាមួយរថយន្តស៊េរីទំនើបមួយគ្រឿងចំពីមុខផ្នែកខាងឆ្វេងពេញទំហឹងបណ្ដាលឱ្យដួលម៉ូតូអូសជាច្រើនម៉ែត្រ រងរបួសធ្ងន់ម្នាក់ និងស្រាលពីរនាក់។

   ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខភោជនីយដ្ឋាន(ហ្សេឹម) តាមបណ្ដោយផ្លូវបេតុង ជាប់ផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់កាកាបទី២   ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

      តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសបីនាក់ជិះម៉ូតូមួយគ្រឿងម៉ាកFZ ពណ៌ខ្មៅ  ពាក់ស្លាកលេខភ្នំពេញ1CE-8392ឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានបើកវា៉ជែងខ្វះការប្រុងប្រយ័ត្នបណ្ដាលឱ្យជ្រុលទៅបុកជាមួយរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក TOYOTA  REVO   RALLY មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2 BM-5855 ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីកើតទៅលិចចំពីមុខរថយន្តផ្នែកខាងឆ្វេងពេញទំហឹងបណ្ដាលឱ្យដួលអូសជាច្រើនម៉ែត្ររងរបួសធ្ងន់ម្នាក់និងស្រាលពីរនាក់។ បន្ទាប់មករថយន្តសាមុយបានមកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

     ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានធ្វើការគូសវាសយករថយន្តនិងម៉ូតូទៅទុកអែបចិញ្ចើមផ្លូវ រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖