ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែបម្រើស្លាបអាហ្សង់ទីន Di Maria អវត្តមានរហូតដល់ដើមខែវិច្ឆិកាដោយសាររបួសសរសៃពួរ

ចែករំលែក៖

ខ្សែបម្រើស្លាបអាហ្សង់ទីន Angel Di Maria នឹងអវត្តមានរហូតដល់ដើមខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីក្លិបរបស់គាត់គឺ Juventus បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលាថា គាត់មានរបួសសរសៃពួរកម្រិតទាប។

Di Maria បានរងរបួសនៅក្នុងការបរាជ័យ របស់ពួកគេជាមួយនឹងក្រុម Maccabi Haifa ក្នុងក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារ ហើយកីឡាករវ័យ៣៤ឆ្នាំរូបនេះបានធ្វើការស្កេនកាលពីថ្ងៃព្រហស្បតិ៍។

ក្លិប Juventus បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្លិបថា Angel Di Maria បានទទួលការធ្វើតេស្តរោគវិនិច្ឆ័យ នៅព្រឹកថ្ងៃទី១៣ ដែលបង្ហាញពីដំបៅកម្រិតទាបនៃសរសៃពួរនៃភ្លៅខាងស្តាំ កត្តានេះនឹងចំណាយពេលប្រហែល២០ថ្ងៃសម្រាប់ការជាសះស្បើយពេញលេញរបស់កីឡាករ

Di Maria ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​សម្រាប់​ការ​ប្រកួត World Cup នៅ​ប្រទេស​កាតា ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី២០ ខែ​វិច្ឆិកាខាងមុខ

អាហ្សង់ទីនស្ថិតនៅក្នុងពូល C ហើយចាប់ផ្តើមយុទ្ធនាការរបស់ពួកគេដោយត្រូវប៉ះក្រុមអារ៉ាប៊ីសាអ៊ូឌីតនៅថ្ងៃទី២២ ខែវិច្ឆិកា ខណៈក្រុមម៉ិកស៊ិក និងប៉ូឡូញគឺជាក្រុមផ្សេងទៀតនៅក្នុងពូលជាមួយគ្នាផងដែរ ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖