ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅល្ងាចនេះបានបង្ហោះលើផេកផ្លូវការរបស់លោកថា, សូមក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបពិត្រព្រះករុណា ជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
សូមក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
ទូលព្រះបង្គំជាខ្ញុំ សូមលំឱនកាយថ្វាយនូវអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះករុណាថ្លៃវិសេស ដែលទ្រង់ស្ដេចសព្វព្រះរាជហឫទ័យ ឡាយព្រះហត្ថលេខាលើព្រះរាជក្រឹត្យតែងតាំងទូលបង្គំ ជារដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោករដ្ឋមន្ត្រីបន្តថា, តបចំពោះព្រះរាជគុណូបការៈ និងព្រះព្រហ្្មវិហារធម៌ដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាជាអម្ចាស់ជីវិត ទូលព្រះបង្គំសូមទូលថ្វាយនូវសេចក្ដីប្ដេជ្ញាចិត្តដ៏មុះមុត ក្នុងការការពារព្រះរាជបល្ល័ង្គនិងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ ក៏ដូចជាបំពេញភារកិច្ចរបស់ទូលព្រះបង្គំប្រកបដោយការទទួលខុសត្រូវខ្ពស់ ស្របទៅតាមពាក្យសច្ចាប្រណិធានជាធរមាន គឺគោរពរដ្ឋធម្មនុញ្ញ បម្រើជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគត នូវផលប្រយោជន៍របស់ប្រជារាស្ត្រ ប្រជាជាតិ ដើម្បីឯកភាពជាតិ ដើម្បីសន្តិភាពសង្គមនិងសន្តិភាពជាតិ ដើម្បីភាពសម្បូរសប្បាយនៃប្រជារាស្ត្រកម្ពុជា និងដើម្បីភាពរុងរឿងថ្កើងថ្កាន នៃមាតុភូមិកម្ពុជាជាទីគោរពសក្ការៈ និងជាទីស្នេហា។
ទូលព្រះបង្គំ សូមក្រាបថ្វាយព្រះសព្វសាធុការពរបវរមហាប្រសើរ សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្ដេចទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមព្រះករុណាថ្លៃវិសេសជាទីគោរពសក្ការៈ ស្ដេចទ្រង់ទទួលនូវអភិវន្ទនកិច្ច និងកតញ្ញូ កតវេទិតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតអំពីទូលព្រះបង្គំជាខ្ញុំ។
ថ្ងៃ សុក្រ ៤ រោច ខែ អស្សុជ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៦ ក្រាបបង្គំទូលថ្វាយនៅរាជធានីភ្នំពេញ, ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២២ ៕
ដោយ : ឌិត ទីណា