រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅថ្ងៃទី១៤ខែតុលា បានប្រកាសថាទីក្រុងវ៉ាស៊ីនតោនបានសម្រេច បញ្ជូនកញ្ចប់ជំនួយអាវុធបន្ថែមដល់អ៊ុយក្រែនក្រោយពេលប្រទេសនេះរងការវាយប្រហារដោយមីស៊ីលពីប្រទេសរុស្ស៊ី។
សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០២២បានផ្សាយថា សេតវិមានបាននិយាយថា សហរដ្ឋអាមេរិកនឹងបញ្ជូនកញ្ចប់ជំនួយយោធាបន្ថែមក្នុងទំហំទឹកប្រាក់៧២៥លានដុល្លារឱ្យអ៊ុយក្រែន ដែលនេះជាកញ្ចប់ ជំនួយយោធាលើកដំបូងបំផុត ចាប់តាំងពីរុស្ស៉ីបាញ់ស្រោចមីស៊ីលលើទីក្រុងកៀវ រួមទាំងទីក្រុងជាច្រើនទៀតនៅទូទាំងប្រទេសអ៊ុយក្រែន។
បើតាមសេតវិមាន, កញ្ចប់ជំនួយយោធាខាងលើមិនមានរួមបញ្ចូលអាវុធ ឬប្រព័ន្ធការពារដែនអាកាសថ្មីនោះទេ តែវាផ្ដោតសំខាន់លើការផ្គង់ផ្គង់បន្ថែមឱ្យអ៊ុយក្រែននូវ គ្រាប់រំសេវ និងអាវុធដែលទីក្រុងកៀវបានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពក្នុងប្រតិបត្តិការវាយបកដណ្ដើមយកទឹកដីពីកងទ័ពរុស្ស៉ីមកវិញ។ ជំនួយយោធាថ្មីនេះ ក្នុងនោះរួមមានគ្រាប់រំសេវសម្រាប់ប្រព័ន្ធមីស៊ីល HIMARS ដែលនឹងធ្វើឱ្យជំនួយយោធាអាមេរិកសម្រាប់អ៊ុយក្រែននឹងកើនដល់១៨.៣ពាន់លានដុល្លារ ចាប់តាំងពីលោក ចូ បៃឌិនឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកមក។
សហរដ្ឋអាមេរិកបានផ្ដល់ប្រព័ន្ធមីស៊ីល HIMARS ចំនួន២០គ្រឿងឱ្យអ៊ុយក្រែនជាមួយការសន្យាផ្ដល់១៨គ្រឿងបន្ថែមទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
ប្រព័ន្ធមីស៊ីលដ៏ទំនើបនេះបានសម្ដែងឫទ្ធានុភាពដ៏អស្ចារ្យនៅក្នុងសង្រ្គាមអ៊ុយក្រែន ហើយវាក៏ជាផ្នែកមួយជួយឱ្យកងកម្លាំងអ៊ុយក្រែនមានសមត្ថភាពវាយប្រហារលើកងទ័ពរុស្ស៉ីផងដែរ៕
ដោយ៖ធីរីណា(រូបថត៖ AP)