ព័ត៌មានទាន់ហេតុការណ៍៖

លោក ដួង តារា ៖ អំពើល្អផ្តល់ភាពកក់ក្តៅនិងទំនុកចិត្តដល់បងប្អូនសកម្មជនបក្សប្រឆាំង!

ចែករំលែក៖

ភ្នំពេញ ៖ លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជា ជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ បានថ្លែងថា, ថ្មីៗនេះ ខ្ញុំបានទទួលជួបបងប្អូន២នាក់មកពីគណបក្សជំទាស់​( ប្រឆាំង)ដែលមានតួនាទីជា “ អនុប្រធានគណបក្សនៃខេត្តមួយ” ។ 

លោកបញ្ជាក់ថា, ខ្ញុំបានជជែកលេងជាមួយពួកគាត់ដោយក្តីគោរពស្រឡាញ់ ដោយបានសួរត្រង់ៗថា តើបងប្អូនសម្រេចចិត្តវិលចូលមករួមរស់ជាមួយ គណបក្សប្រជាជនពេលនេះ​ គឺពិតជាបានសម្រេចចិត្តត្រឹមត្រូវដោយខ្លួនឯង គ្មានការបង្ខិតបង្ខំមែនឬអត់? 

គាត់ទាំង២នាក់បានបញ្ជាក់ថា បានសម្រេចចិត្តរួចហើយ គឺជឿជាក់លើ សម្តេចតេជោប្រធានគណបក្សប្រជាជន! ព្រោះកន្លងមកពួកគាត់បាត់បង់ពេលវេលា និងទ្រព្យធនដែលមានបន្តិចបន្តូចចំណាយជួយបក្សស្ទើរខ្សោះខ្លួន មិនមានពេលវេលាជួយក្រុមគ្រួសារនិងកូនប្រពន្ធឡើយ។ មកទល់ពេលនេះគឺពួកគាត់មិនមានជំនឿលើសមត្ថភាពដឹកនាំបក្សប្រឆាំងដែលគាត់ធ្លាប់បានគាំទ្រប្រឡូកមួយរយៈពេលច្រើនឆ្នំាមកនេះ។ 

លោក ដួង តារា បានបន្តថា, ខ្ញុំបានប្រាប់គាត់ដែរថា ការវិលចូលមករួមរស់ជាមួយបក្សប្រជាជន គឺមិនមែនជាការដោះដូរជាថ្នូរផលប្រយោជន៍អ្វីឡើយ ប៉ុន្តែបងប្អូនទទួលបាននូវតម្លៃនៃសេចក្តីគោរព អាណិតស្រឡាញ់រាប់អានដ៏ស្មោះស្ម័គ្រពិតប្រាកដ​ ពីសម្តេចតេជោប្រមុខដឹកនាំ ពីមន្រ្តីគណបក្សនិងពីរូបខ្ញុំផ្ទាល់ម្នាក់ដែរ ព្រោះពេលនេះ​ សុខទុក្ខបងប្អូនគឺជាសុខទុក្ខរបស់យើងទាំងអស់គ្នា!

លោកថា, ខ្ញុំសូមគោរពអញ្ជើញបងប្អូននៅក្នុងគណបក្សប្រឆាំងផ្សេងទៀត វិលមករួមរស់ជាមួយ សម្តេចតេជោ ដើម្បីយើងរួមដៃគ្នាកសាងអភិវឌ្ឍន៍ប្រទេសជាតិយើងអោយកាន់តែសំបូរសប្បាយរីកចម្រើនរុងរឿង !

យើងរួមគ្នាកសាងអំពើល្អដោយចិត្តជ្រះថ្លាគ្រប់ទីកន្លែង ! ៕

ដោយ : សិលា


ចែករំលែក៖