ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន អញ្ជើញចូលរួមពិធីថ្វាយព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្ដម សីហនុ

ចែករំលែក៖

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល សព្វព្រះរាជហឫទ័យ ស្តេចយាងក្នុងព្រះរាជពិធីថ្វាយព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្ដម សីហនុ គម្រប់ខួប១០ឆ្នាំ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន រួមនឹងឥស្សរជនជាន់ខ្ពស់ជាច្រើនទៀត បានអញ្ជើញ យាងចូលរួមកម្មវិធី ដែលប្រារព្ធរៀបចំធ្វើនៅក្នុងព្រះបរមរាជវំាងនេះដែរ។

ព្រះករុណា ព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្ដម សីហនុ បានសោយទីវង្គត នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះរាជជន្មាយុ៩០ព្រះវស្សា។ 

ទោះបីព្រះអង្គបានសោយទីវង្គតទៅហើយក្តី ក៏ប្រជារាស្រ្តទូទាំង ប្រទេសនៅចងចាំ ចំពោះព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមបំផុតរបស់ព្រះអង្គ ជានិច្ច។ ប្រជារាស្រ្តទូទាំងប្រទេសចងចាំគ្មានថ្ងៃបំភ្លេចបាន ចំពោះស្នាព្រះហស្ថ ព្រះអង្គក្នុងការទាមទារឯករាជ្យជាតិពីបារាំងនៅ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដែលបានធ្វើឲ្យកម្ពុជាងើបមុខមាត់រីកចម្រើន ជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃ។

យើងខ្ញុំជាកូនចៅ ចៅទូត សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះបរមវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ សូមបានយាង ទៅសោយសុខនៅឋានសួគ៌ា និងសូមកម្ពុជាទទួលបានតែសុខសន្តិភាពវិបុលភាព និងរីកចម្រើនជានិច្ចនិរន្តតទៅ៕

ដោយ ៖ សហការី


ចែករំលែក៖