ភ្នំពេញ៖ បើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងនៅថ្ងៃសៅរ៍ទី១៥ ខែតុលា ឆ្នាំ២០២២នេះថា៖ សមត្ថកិច្ចជំនាញ បានឃាត់ខ្លួនមនុស្សចំនួន ៥៤នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី១៤ ខែតុលាម្សិលមិញនេះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះ បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ ក្នុងចំណោមជនសង្ស័យទាំង ៥៤នាក់នោះ មាន ២៩នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ ១១ករណី និងជនសង្ស័យ ២៥នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសគ្រឿងញៀន ០៩ករណី។
ជាមួយគ្នានោះ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក “៣កុំ ១រាយការណ៍” ដែលមានន័យថា៖ កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន។
បន្ថែមពីនេះ លោកអ្នកនាំពាក្យ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ៕
ដោយ៖សហការី