ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាល​ខេត្ត​ព្រះវិហារ​ និងក្រសួង​អភិវឌ្ឍន៍​ជនបទ បន្តចុះ​ពិនិត្យមើល​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ខូចខាត​ដោយ​​ទឹកជំនន់​

ចែករំលែក៖

​​ខេត្ត​ព្រះវិហារ៖ បេី​យោង​តាម​ការបញ្ជាក់​របស់​លោក ម៉ប់ ធី​រិ​ទ្ធ ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តព្រះវិហារ​ បានថ្លែង​ឱ្យ​ដឹង​នៅថ្ងៃសៅរ៍ទី​១៥​ ខែតុលា​ ឆ្នាំ​២០២២នេះ​ថា៖​ លោក​បណ្ឌិត ជ្រុ​ន ថេ​រ៉ា​វ៉ាត រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ តំណាង​លោកបណ្ឌិត​សភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ក្រុមការងារ​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​សហការី និង​ក្រុមការងារ​ថ្នាក់​ខេត្ត​ ដឹកនាំ​ដោយ​លោក គឹម រិទ្ធី អភិបាលខេត្ត​ព្រះវិហារ​បាន​ចុះ​ពិនិត្យមើល​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ដូចជា​ផ្លូវ អណ្តូងទឹក បង្គន់​អនាម័យ​ជាដើម ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅក្នុង​ភូមិសាស្ត្រ​ខេត្តព្រះវិហារ​កន្លងមក​នេះ។ ​

​លោកប្រធាន​មន្ទីរខេត្តរូបនេះ​ បានថ្លែង​យ៉ាងដូច្នេះ​ថា៖​ នៅក្នុង​ខេត្តព្រះវិហារ​មាន​ផ្លូវ​ជនបទ​ដែល​រង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​មាន​ចំនួន ៥​ខ្សែ នៅក្នុង​នោះ​កំណាត់​ផ្លូវ​ដែល​រង​ការខូចខាត​ធ្ងន់ធ្ងរ​ជាងគេ​មាន​ប្រវែង ១០​គីឡូម៉ែត្រ​ត​ភ្ជាប់​ពី​ភូមិ​ស្វាយ ឃុំ​រសណ​សិរ្ស ស្រុក​សង្គម​ថ្មី​ខេត្តព្រះវិហារ រហូតដល់​ព្រំប្រទល់​ខេត្ត​កំពង់ធំ ស្ថិតក្នុង​ភូមិ​ទាម​អាទិត្យ ឃុំ​សា​គ្រាម ស្រុក​ប្រាសាទ​បល្ល័ង្ក។ ​ក្រុមការងារ​បាន​ពិនិត្យឃើញថា កំណាត់​ផ្លូវ​ប្រវែង ១០​គីឡូម៉ែត្រ​នេះ ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​ដឹកជញ្ជូន​កសិផល​របស់​ប្រជាពលរដ្ឋ ​ទៅកាន់​ទីផ្សារ​ជាពិសេស​ដំឡូង ពី​ខេត្ត ព្រះវិហារ​ទៅកាន់​ខេត្តកំពង់ធំ ជា​ផ្លូវ​ដែល​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅកាន់​ទីផ្សារ មន្ទីរពេទ្យ និង​សាលារៀន​ជាដើម។ កំណាត់​ផ្លូវ​ប្រវែង ១០​គីឡូម៉ែត្រ​ខាង​លើនេះ​រង​ការខូចខាត​ប្រមាណ ១​គីឡូ​ម៉ែត្រ​ដោយ​ទឹក​ហូត​កាត់​ជាច្រើន​កន្លែង។​

​ទន្ទឹមនឹងនេះ​​ ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​ដងផ្លូវ​នេះ និង​កំពុង​ប្រកប​របរ​កសិកម្ម​ដាំ​ដំឡូង បានស្នើ​សុំ​តាម​រយៈ​ក្រុមការងារ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ គោរព​ស្នើសុំ​លោក​បណ្ឌិត​សភាចា​រ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍ជនបទ ជួយ​ធ្វើ​ផ្លូវ​នេះ​ឡើងវិញ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន ព្រោះថា​ផ្លូវ​នេះ​ពិត​ជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ពួកគាត់។​ ​

ជាមួយគ្នានោះ លោក គឹម រិទ្ធី តំណាង​ឱ្យ​​ប្រជាពលរដ្ឋ​ក៏បាន​គោរព​ស្នើសុំ​លោក​បណ្ឌិត​សភាចា​រ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ មេត្តា​ជួយ​ធ្វើ​ផ្លូវ​នេះ​ឡើងវិញ​ឲ្យ​បាន​ឆាប់ ដើម្បី​ជា​គុណប្រយោជន៍​របស់​ប្រជាពលរដ្ឋ។​ ​លោក ជ្រុ​ន ថេ​រ៉ា​វ៉ាត ក៏បាន​ទទួលយក​សំណូមពរ​នេះ​ពី​ប្រជាពលរដ្ឋ និង​ពី​លោក គឹម រិទ្ធី ផង​ដែរ ដើម្បី​ជម្រាប​ជូន​លោកបណ្ឌិត​សភាចា​រ្យ អ៊ុក រ៉ាប៊ុន មេត្តា​ជ្រាប និង​ពិនិត្យ​លទ្ធភាព​ដោះ​ស្រាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់​បំផុត។​ ​

បន្ថែមពីនេះ​ លោករដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​ប្រជាពលរដ្ឋ​នៅ​ទីនោះ ក៏ដូចជា​អាជ្ញាធរ​ដែនដី និង​កងកម្លាំងប្រដាប់អាវុធ​ដែល​បាន​សហការ​គ្នា​យក​ឈើ ក្តារ ឈូស​ឆាយ និង​សែង​ដី​ចាក់​ ធ្វើជា​ស្ពានឈើ​តូច​មួយ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ពួកគាត់ និង​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​មេត្តា​ខន្តី អត់ធ្មត់​បន្តិច ដោយ​ទុក​ពេល​ជូន​ថ្នាក់ដឹកនាំ​ក្រសួង ជាពិសេស​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ពិនិត្យ​លទ្ធភាព​ដោះស្រាយ​ជូន​តាម​សំណើ​របស់​ប្រជាពលរដ្ឋ​៕

ដោយ​៖សហការី​


ចែករំលែក៖